UN: ប្រេសិតអង្គការសហប្រជាជាតិរបស់ក្រុងវ៉ាស៊ីនតោន លោកស្រី Nikki Haley នៅថ្ងៃអង្គារបានថ្លែងថា អាមេរិក និងចិន កំពុងពិភាក្សាគា្នអំពីជំហានបន្ទាប់ ដើម្បីជាការឆ្លើយតបនឹងទង្វើ គឃ្លើនធ្វើតេស្តបាញ់មីស៊ីលកូរ៉េខាងជើង ហើយអាចនឹងឈានទៅដល់សេចក្តីសម្រេចលើការដាក់ទណ្ឌកម្មថ្មីមួយ ចំពោះក្រុងព្យុងយ៉ាង នៅសប្តាហ៍នេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៧។
រដ្ឋាភិបាលក្រុងប៉េកាំង បានជំរុញឲ្យកូរ៉េខាងជើងផ្លាស់ប្តូរឥរិយាបថ តាមរយៈការពិភាក្សាជាមួយអាមេរិក សម្រាប់ដំណោះស្រាយ ដើម្បីកំណត់ពេលវេលានៃការដាក់ទណ្ឌកម្មថ្មីមួយលើរបបក្រុងព្យុងយ៉ាង។
លោកស្រី Haley បាននិយាយថា «វាគឺជាអ្វីដែលយើងត្រូវធ្វើការដោះស្រាយ តាមរយៈអ្វីដែលយើងបានមើលឃើញ ហើយឥឡូវនេះ គឺជាពេលវេលា ដើម្បីឆ្ពោះទៅមុខ»។
លោកស្រីបានបន្ថែមថា «យើងគិចថាចិនកំពុងតែព្យាយាម ដើម្បីប្រឆាំងនឹងអ្វីដែលកំពុងកើតឡើងនៅពេលនេះ ហើយយើង នឹងរក្សាការដាក់សម្ពាធលើក្រុងប៉េកាំង ព្រមទាំងបន្តធ្វើការជាមួយពួកគេ ដើម្បីធ្វើសេចក្ដីសម្រេចមួយ នៅសប្តាហ៍នេះ ទៅលើអ្វីដែលយើងបានមើលឃើញ»។
គួរបញ្ជាក់ដែរថា កូរ៉េខាងជើង បានធ្វើតេស្តបាញ់មីស៊ីលបីលើកហើយ នៅក្នុងខែនេះ នៅក្នុងការឆ្លើយតបទៅនឹងការព្រមានដាក់ទណ្ឌកម្មថ្មី របស់អង្គការសហប្រជាជាតិ៕

មតិយោបល់