ស៊ីរីៈ យន្តហោះចម្បាំងរុស្ស៊ី បានវាយប្រហារបំផ្លាញក្បួនរថយន្តភេវរកររដ្ឋអ៊ីស្លាមដ៏ធំ ដែលព្យាយាមបើកគេចចេញពីទីក្រុង Raqqa ឆ្ពោះទៅកាន់ទីក្រុង Palmyra ជាមួយរថយន្តដឹកសព្វាវុធធុនធ្ងន់ ជាច្រើនគ្រឿង។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧។
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការវាយប្រហារនេះ កងកម្លាំងអាកាសរុស្ស៊ី បានកំណត់គោលដៅទៅលើរដ្ឋអ៊ីស្លាម (IS, ISIS / ISIL) ដែលបានសម្លាប់ពួកភេវរករ ៨០ នាក់ និងបំផ្លាញរថយន្ត ៣៦ គ្រឿង , រថយន្តដឹកដឹកប្រេងឥន្ធនៈ ០៨ គ្រឿង, រថយន្តដឹកកាំភ្លើងត្បាល់ ១៧ គ្រឿង ព្រមទាំងម៉ាស៊ីនបាញ់កាំភ្លើងជាច្រើនគ្រឿងផងដែរ។
ការវាយប្រហារនេះ ត្រូវបានធ្វើទ្បើងបន្ទាប់ពីគ្រឿងឈ្លបយកការណ៍ចាប់បានសញ្ញាទីតាំង ដែលពួកភេវរកររត់គេចខ្លួន។
ក្នុងនោះដែរ កងកម្លាំងរុស្ស៊ី បានព្រមានថា «រាល់ការប៉ុនប៉ងណាមួយ ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដើម្បីគេចខ្លួនចេញតាមរយៈច្រករបៀងទីក្រុង Raqqa ទៅកាន់ទីក្រុង Palmyra នឹងត្រូវជួបការគំរាមគំហែង ពីសំណាក់កងកម្លាំងខ្លួន»៕
មតិយោបល់