ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវពស់ខៀវចឹករងរបួស ខណៈឡើងលើភ្នំបេះផ្លែសោម

ប៉ៃលិនៈ មានករណីពស់ចឹកបុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីគាត់បាន ឡើងលើភ្នំទ្រព្យ ជាមួយអ្នកភូមិមានគ្នាជាង១០នាក់ ទៀត ដើម្បីរកបេះផ្លែសោម យកមកលក់ឲ្យឈ្មួញបានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចព្រៃភ្នំទ្រព្យ ស្ថិតក្នុងភូមិកូនខ្លុង សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះដែលត្រូវពស់ចឹក មានឈ្មោះ ហឿន មឹប ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ កម្មករ រស់ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ និងអ្នកភូមិជាង ១០នាក់ បាននាំគ្នាធ្វើដំណើរឡើងទៅលើភ្នំខៀវ ដើម្បីឡើងទៅរកបេះផ្លែសោម ហើយនៅពេលដែលពួកគាត់ដើរមកដល់ភ្នំទ្រព្យ ពេលនោះរូបគាត់ ក៏ដើរបែកផ្លូវពីគេបានប្រហែលជា១០០ម៉ែត្រ ស្រាប់តែដើរជាន់លើពស់មួយក្បាលទំហំប៉ុនមេជើង ពស់ក៏ចឹកចំជើងខាងឆ្វេងរបស់គាត់ បណ្ដាលឲ្យចុកចាប់ បន្ទាប់មកគាត់ក៏បានស្រែកហៅឲ្យបុរសម្នាក់ ដែលនៅជិតនោះមកជួយ ហើយវាយពស់មួយក្បាលនោះងាប់ ទើបដឹងថា ពស់នោះគឺជាពស់ខៀវ។

ជនរងគ្រោះត្រូវបានអ្នកភូមិដែលទៅជាមួយ នាំគ្នាសែងជនរងគ្រោះធ្វើដំណើរឆ្លងភ្នំ ពីភ្នំមួយទៅភ្នំមួយ រហូតមកដល់ភូមិ ទើបក្រុមគ្រូសារនាំគ្នាលើកសែងជនរងគ្រោះដាក់លើអន្រឹងយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕

https://youtu.be/Ujo5vIMAFCI

មតិយោបល់