UN: រដ្ឋាភិបាលក្រុងព្យុងយ៉ាង កាលពីថ្ងៃច័ន្ទបានស្តីបន្ទោស ចំពោះអាមេរិក ដែលធ្វើឲ្យខកខាន ក្នុងការចាប់ផ្តើមកិច្ចចរចាទ្បើងវិញ ក្រោយជាប់គាំង អស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីជំនួបលើកដំបូង រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។
កូរ៉េខាងជើង បាននិយាយថា នៅក្នុងខែនេះ ខ្លួនមានឆន្ទៈ ក្នុងការចាប់ផ្តើមកិច្ចចរចា ឡើងវិញ នៅចុងខែកញ្ញាកន្លងទៅ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវប្រកាន់ យកនូវវិធីសាស្រ្តថ្មីមួយ។
ពាក់ព័ន្ធនឹងការលើកទ្បើងនេះ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បាននិយាយកាលពីសប្តាហ៍មុនថា កិច្ចប្រជុំនៅខែកញ្ញានោះ មិនអាចទៅរួចទេ បើទោះបីជាក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួប និងជឿជាក់ថា វាពិតជាមានសារៈសំខាន់ក៏ដោយ។
យ៉ាងណាមិញនៅក្នុងសុន្ទរកថាមួយ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតប្រចាំ UN របស់ទីក្រុងព្យុងយ៉ាងលោក Kim Song បាននិយាយថា វាដល់ពេលហើយ ដែលក្រុងវ៉ាស៊ីនតោន ត្រូវការចែករំលែកសំណើនានា សម្រាប់កិច្ចពិភាក្សា។
ន័យនេះអាចសន្មតបានថា អាមេរិកមានពេលវេលាគ្រប់គ្រាន់ ដើម្បីរកវិធីសាស្ត្រ លៃលកក្នុងការចែករំលែកអ្វី ជាមួយក្រុងព្យុងយ៉ាង បន្ទាប់ពីបានសម្ដែងឆន្ទៈ ក្នុងការអង្គុយជាមួយអាមេរិក សម្រាប់ការពិភាក្សា ដ៏ទូលំទូលាយអំពីបញ្ហា ដែលប្រទេសទាំងពីរ បានពិភាក្សាកន្លងមក៕
មតិយោបល់