ព័ត៌មានអន្តរជាតិ

Vietjet ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤.៧ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិច

កាលពីពេលថ្មីៗនេះ​ ក្រុម​ហ៊ុន​ Vietjet Aviation Joint Stock បាន​ចុះ​ហត្ថលេខាជាមួយ​ CFM International ជាក្រុម​ហ៊ុន​វិនិយោគ​រួម​រវាង​ GE និង Safran លើ​កិច្ច​ព្រម​ព្រៀង​ផ្គត់​ផ្គង់​ម៉ាស៊ីន​ចំនួន​ ២១៥គ្រឿង ​ដើម្បី​ផ្តល់​ថាម​ពល​ដល់​យន្តហោះរបស់​ក្រុម​ហ៊ុន​ខ្លួន​ ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​វៀតណាម​លោក​ Nguyen Xuan Phuc និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិកលោក​ Wilbur L. Ross។ កិច្ច​ព្រម​ព្រៀង​រយៈ​ពេល​ ១២ឆ្នាំ​ ដែល​មាន​តម្លៃ​ ៣.៥៨ពាន់​លាន​ដុល្លារអាមេរិកនេះ​ រួម​បញ្ចូល​ទាំង​សេវា​បច្ចេក​ទេស​ ម៉ាស៊ីន​ និង​ការ​ថែទាំ​​សមាស​ភាគ​ម៉ាស៊ីន​។​

ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ អ្នក​ស្រី Nguyen Thi Phuong Thao ជា​​ប្រធាន​ និងជា​​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Vietjet បាន​ឱ្យ​ដឹង​ថា​៖ «យើង​កំពុង​រៀប​ចំ​យន្តហោះ​របស់​យើង​ទៅជា​ក្រុម​យន្តហោះ​ និង​ម៉ាស៊ីន​ដែល​ស៊ី​ប្រេង​ក្នុង​កម្រិត​សមរម្យ​ និង​មិន​ប៉ះ​ពាល់​បរិស្ថាន​។​ ម៉ាស៊ីន​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​នេះ​ នឹង​ជួយ​យើង​សន្សំ​សំចៃ​ការ​ប្រើ​ប្រាស់​ប្រេង​រហូត​ដល់​ ១៥%​ ក៏​ដូច​ជា​ទទួល​បាន​សេវា​កម្មជួសជុលផ្នែក​​បច្ចេកទេស ថែទាំ​ និង​ការ​បណ្តុះ​បណ្តាល​​នានា។ នេះ​ជា​កិត្តិយស​របស់​យើង​ដែល​បាន​សហការ​ជា​ដៃ​គូជាមួយ​​​ GE and CFM International។ ដោយសារ​​កិច្ច​ព្រម​​ព្រៀង​នេះ យន្តហោះ​របស់​ក្រុម​ហ៊ុន​ ​​ Vietjet នៅ​ពេល​នេះ​អាច​រីក​រាយ​ជាមួយ​បច្ចេក​វិជ្ជា​ជឿនលឿន​ និង​ថ្មីៗដែល​បាន​ជួយ​បង្កើន​គុណ​ភាព​ហោះ​ហើរ​ ទំនុក​ចិត្ត​លើ​ប្រតិបត្តិការ​ និង​កាត់​បន្ថយ​ថ្លៃ​ចំណាយ​។​​ យើង​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​កិច្ចព្រម​ព្រៀង​នេះនឹង​ជំរុញ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​បង្កើត​ការងារ​ជាច្រើន​លាន​សម្រាប់​ប្រជាជន​ទាំង​ពីរ។​​​»

លោក​ Gaël Méheust ជា​ប្រធាន​ និង​នាយក​ប្រតិបត្ត​នៃ​ CFM International បាន​ថ្លែងថា ​«យើង​ពិត​ជា​ស្ញប់​ស្ញែងយ៉ាង​ខ្លាំង​ដែល​កិច្ច​ព្រម​ព្រៀង​នេះបាន​បង្ហាញ​ទំនុក​ចិត្ត​យ៉ាង​ខ្ពស់​ជាមួយ​ CFM និង​ជាមួយសមត្ថភាពរបស់​យើង​ក្នុង​ការ​​ទ្រទ្រង់​ក្រុម​ហ៊ុន Vietjet ​ក្នុង​រយៈ​ពេល​វែង​។​​» «វា​ពិត​ជា​កិត្តិយស​ណាស់​ដែល​យើង​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ការងារ​ដ៏​សង្វាតសម្រាប់​រយៈ​ពេល​ ៦ ឆ្នាំ​ចុង​ក្រោយ​នេះ​។ ហើយយើង​ពិត​ជា​មាន​សំណាង​ដែល​បាន​ដឹង​ថា​សម្ព័ន្ធ​ភាព​​ដ៏​ពិសេសនេះ​នឹង​បន្ត​ទៅ​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត។​​»

ក្នុង​ឱកាស​នេះ​ផង​ដែរ ក្រុមហ៊ុន​ Vietjet និង GECAS តំណាង​ដោយ​ GE បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​យន្តហោះ​ដែល​មាន​តម្លៃ​ ១ ពាន់​លាន​ដុល្លារ​។ ដូច្នេះ​ហើយ​ ក្រុម​ហ៊ុន​ GECAS នឹង​ធ្វើ​ការ​ទ្រទ្រង់ក្រុម​ហ៊ុន​ Vietjet លើ​ផ្នែក​ហិរញ្ញវត្ថុ​ និង/ឬ ទិញ​ និង​រៀបចំ​លក់​កិច្ចព្រម​ព្រៀង​ Leaseback សម្រាប់​ជួល​យន្ត​ហោះ​ ១០គ្រឿង​ដែល​បញ្ជាទិញដោយ​ក្រុម​ហ៊ុន Vietjet។​

ក្រុម​ហ៊ុនអាកាសចរណ៍​​ Vietjet និង​ក្រុម​ហ៊ុន​ Honeywell Aviation បាន​យល់​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​ការ​ផ្គត់​ផ្គង់​ថាម​ពល​ជំនួយ​ និង​សេវា​ថែទាំ​ផ្នែក​បច្ចេកទេស​ដើម្បី​ដំណើរ​ការ​យន្ត​ហោះ​ចំនួន​ ៩៨ គ្រឿង​។ កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃ​ ១៨០លាន​ដុល្លារនេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ថែទាំ​យន្តហោះ​របស់​ក្រុម​ហ៊ុន​ Vietjet ឱ្យ​សម​ស្រប​តាម​ស្តង់​ដារ​ឈាន​មុខ​របស់​ពិភពលោក​៕

មតិយោបល់