ព័ត៌មានអន្តរជាតិ

ទង្វើបន្តគឃ្លើនបាញ់មីស៊ីលរបស់កូរ៉េខាងជើង កំពុងធ្វើឲ្យមហាអំណាចឈឺក្បាល

កាលពីថ្ងៃអាទិត្យ កូរ៉េខាងជើងបានបាញ់សាកល្បងនូវកាំជ្រួចមីស៊ីលឆ្លងទ្វីបថ្មីមួយ ដោយទទួលបានជោគជ័យ ដែលការចាប់ផ្តើមតេស្តនេះ ត្រូវបានស្ថិតនៅការត្រួតពិនិត្យ ដោយផ្ទាល់ពីមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន។ នេះបើយោងតាមរយៈ សារព័ត៌មាន Spunits ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។

មីស៊ីល​នេះ ​មានឈ្មោះថា Hwasong-12 មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដ៏ធំមួយ ត្រូវបានបាញ់ចេញពី Kusong ជាទីក្រុងមួយ ស្ថិតនៅភាគខាងជើងខេត្ត Pyongan ។

តាមរបាយការណ៍របស់ទីភ្នាក់ងារ KCNA បានឲ្យដឹងថា Hwasong-12 អាចហោះហើរបានរយៈចម្ងាយ ៧៨៧ គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់អតិបរមា ២.១១២ គីទ្បូម៉ែត្រ និងត្រូវបានធ្លាក់ចូលទៅក្នុងសមុទ្រមួយ។

ប្រការនេះដែរ បានធ្វើឲ្យប្រេសិតរបស់ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន និងអាមេរិក ដើម្បីពិភាក្សាអំពីបញ្ហា និងភាពតានតឹងនៅកូរ៉េខាងជើង។

លើសពីនេះទៅទៀត ខណៈដែលកំពុងមានប្រតិកម្មទៅនឹងការបាញ់បង្ហោះមីស៊ីលនោះ មន្ទីរបញ្ចកោណ បាននិយាយថា គ្រាប់រ៉ុក្កែតនេះ បានធ្លាក់ទៅក្នុងទឹកនៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប្រទេសរុស្ស៊ី។

គួរបញ្ជាក់ដែរថា ការបាញ់បង្ហោះមីស៊ីលរបស់ក្រុងព្យុងយ៉ាង នៅពេលថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើល និងការមិនសប្បាយចិត្តជាខ្លាំងពីសំណាក់ប្រទេសចិន៕

មតិយោបល់