ព័ត៌មានអន្តរជាតិ

កុមារ ១ លាននាក់ ត្រូវជាប់ឃាំង នៅតំបន់កាន់កាប់ដោយពួក ISIS ក្នុងទីក្រុង Mosul ខណៈមួយចំនួន ត្រូវបង្ខំធ្វើជាភេរវករ

អ៊ឺរ៉ាក់ៈ មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) បានឲ្យដឹងថា អនីតិជនជាច្រើន ត្រូវបានប្រើជាខែលមនុស្ស និងបង្ខំឲ្យធ្វើជាភេរវករ ដើម្បីប្រយុទ្ធប្រឆាំងនៅក្នុងសមរភូមិរបស់រដ្ឋអ៊ីស្លាម ដែលតាមតួលេខបានបង្ហាញថា កុមារ ១ លាននាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងបំផុត ដោយពួកគេត្រូវបានជាប់ឃាំង នៅតំបន់ដែលគ្រប់គ្រងដោយពួក ISIS ក្នុងទីក្រុង Mosul ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។

លោក Peter Hawkins តំណាងយូនីសេហ្វនៅក្នុងប្រទេសអ៊ីរ៉ាក់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «តាមការប៉ាន់ប្រមាណមានកុមារា និងកុមារី ១ លាននាក់ កំពុងប្រឈមហានិភ័យខ្ពស់បំផុត នៅក្នុងទីក្រុងចាស់ និងតំបន់ផ្សេងទៀតនៃភាគខាងលិចទីក្រុង Mosul ខណៈដែលជនស៊ីវិល រួមទាំងកុមារជាច្រើន ត្រូវបានសម្លាប់នៅភាគខាងលិចទីក្រុងនេះ ។

កងទ័ពអ៊ីរ៉ាក់ បានចាប់ផ្តើមជំរុញប្រតិបត្តិការបោសសម្អាតពួកភេរវករឆ្ពោះទៅកាន់ទីក្រុងចាស់ តាំងពីចុងខែមេសាមកម្លេះ ប៉ុន្តែសកម្មភាពរបស់ពួកគេ ត្រូវបានថមថយទៅវិញ ដោយសារពួកភេរវកររដ្ឋអ៊ីស្លាម (IS, ISIS / ISIL) បានប្រើប្រាស់ប្រជាពលរដ្ឋធ្វើជាខែលប្រយុទ្ធ។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ នៅសល់តែសង្កាត់ចំនួនបី នៅជុំវិញទីក្រុងចាស់ គឺ Zanjili, al-Sihha និង al-Shefa ប៉ុណ្ណោះដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកភេរវករ ខណៈដែលយុទ្ធជនជីហាដ នៅតែបន្តកាន់កាប់ដីរបស់ពួកគេ និងថែមទាំងបង្ខំអនីតិជនឲ្យចូលរួម នៅក្នុងសមរភូមិប្រយុទ្ធគ្នាទៀតផង៕

មតិយោបល់