រុស្ស៊ីៈ រដ្ឋាភិបាលក្រុងម៉ូស្គូ បានចោទប្រកាន់ចក្រភពអង់គ្លេសថា បានបង្កើតរឿងក្លែងក្លាយ និងកំពុងប្រលែងលេងជាមួយភ្លើងហើយ ពាក់ព័ន្ធនឹងករណីបំពុលមន្ត្រីចារកម្មរុស្ស៊ីម្នាក់ នៅទីក្រុង Salisbury ក្នុងទឹកដីអង់គ្លេស កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ UN លោក Vasily Nebenzia បានប្រាប់ក្នុងកិច្ចប្រជុំមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «រុស្ស៊ីបានប្រាប់ទៅមិត្តរួមការងារអង់គ្លេសរបស់ខ្លួនថា ទីក្រុងទ្បុងដ៍កំពុងតែប្រលែងលេងជាមួយភ្លើងដ៏សែនក្ដៅហើយ ដែលទង្វើនេះ នឹងធ្វើឲ្យអង់គ្លេសមានការសោកស្តាយ»។
គួររំឭកថា រដ្ឋាភិបាលអង់គ្លេស បានអះអាងថា រុស្ស៊ីជាអ្នកនៅពីក្រោយការបំពុលសម្លាប់ អតីតមន្ត្រីចារកម្មរុស្ស៊ីលោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia ខណៈដែលក្រុងម៉ូស្គូ បានបដិសេធមិនទទួលខុសត្រូវ ក្នុងរឿងមួយនេះទ្បើយ៕
មតិយោបល់