អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកមិនបានថតសំឡេងការសន្ទនា ជាមួយលោក James Comey អតីតប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ទ្បើយ ខណៈដែលលោក Comey បានលើកទ្បើងថា លោក ត្រាំ បានជំរុញឲ្យខ្លួនបញ្ចប់ការស៊ើបអង្កេតលើករណីជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅលើប្រព័ន្ធ Twitter ផ្ទាល់ខ្លួន លោកប្រធានាធិបតី ត្រាំ បានឲ្យដឹងថា ការសន្ទនាជាលក្ខណឯកជន ជាមួយលោក Comey នៅឯសេតវិមាន បន្ទាប់ពីលោកចូលកាន់ដំណែង កាលពីខែមករាកន្លងទៅ គឺលោកគ្រាន់តែសុំភាពស្មោះត្រង់ពីលោក Comey ជុំវិញការស៊ើបអង្កេតប៉ុណ្ណោះ ខណៈដែលលោក Comey ក៏មិនបានធ្វើការសន្យាអ្វីដែរ។
គួរបញ្ជាក់ដែរថា នៅឯជំនួបមួយទៀត ជាមួយប្រធានាធិបតី កាលពីពាក់កណ្តាលខែកុម្ភៈ លោក Comey បានប្រាប់គណៈកម្មការព្រឹទ្ធសភាថា លោក ត្រាំ បានប្រាប់លោកថា «ខ្លួនសង្ឃឹមថា លោក Comey នឹងបោះបង់ចោលការស៊ើបអង្កេតលើអតីតទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn រួមទាំងទំនាក់ទំនងរបស់លោក ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន៕
មតិយោបល់