ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងបន្តបង្កើនសម្ពាធសេដ្ឋកិច្ច និងនយោបាយអន្តរជាតិលើកូរ៉េខាងជើង ជុំវិញរឿងគំរាមកំហែងនុយក្លេអ៊ែ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងស្វែងរកការបង្កើនសម្ពាធសេដ្ឋកិច្ច និងនយោបាយអន្តរជាតិ ទៅលើប្រទេសកូរ៉េខាងជើង នៅអំទ្បុងពេលដំណើរទស្សនកិច្ចរបស់លោក មកកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ចំពេលមានភាពតានតឹងនុយក្លេអ៊ែរ បន្ទាប់ពីលោក ត្រាំ បានច្រានចោលការអំពាវនាវឲ្យមានកិច្ចចរចារផងនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកតាក់តែងច្បាប់ និងអ្នកវិភាគគោលនយោបាយការបរទេស នៅអាមេរិក កំពុងឃ្លាំមើលយ៉ាងដិតដល់ថា តើក្នុងដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃ របស់លោក ត្រាំ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងនៅតែបន្តការគំរាមកំហែងដល់ទីក្រុងព្យុងយ៉ាង ឬក៏ផ្តោតសំខាន់តែលើទំនាក់ទំនងការទូតមួយមុខប៉ុណ្ណោះ។

លោក Bob Corker សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋអាមេរិក បានថ្លែងថា «រដ្ឋាភិបាលអាមេរិក ត្រូវការគាំទ្រដល់ក្រុមការទូតរបស់ខ្លួន តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ខណៈយល់ឃើញថា ការរួមគ្នារបស់អាមេរិក ជាមួយចិន និងប្រទេសមួយចំនួនទៀត គឺអាចផ្លាស់ប្តូរស្ថានការណ៍អាក្រក់បាន នៅអំទ្បុងពេលដំណើរទស្សនកិច្ចលើកនេះ»៕

មតិយោបល់