ប៉ាគីស្ថានៈ មន្ត្រីក្នុងប្រទេស នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦ នាក់ ត្រូវបានសម្លាប់ និង ២០ នាក់ទៀតរងរបួស ក្នុងនោះរួមមានក្មេង ២នាក់ បន្ទាប់ពីហេតុការណ៍ ផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យប៉ូលិស ក្នុងខេត្ត Quetta ភាគនិរតីនៃប្រទេសប៉ាគីស្ថាន ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
អគ្គនាយកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យស៊ីវិលខេត្ត Quetta លោក Farid Ahmad បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈអ្នករងរបួសចំនួន ០៧ នាក់ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
ប្រភពពីប៉ូលិស បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីព្រឹកថ្ងៃសុក្រ នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានផ្ទុកគ្រឿងផ្ទុះក្នុងរថយន្ត ស្ថិតនៅកន្លែងត្រួតពិនិត្យមួយ ក្បែរការិយាល័យប៉ូលិសខេត្ត។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា យ៉ាងហោចណាស់មន្ត្រីប៉ូលិសពីរនាក់បានស្លាប់ ក្នុងចំណោមជនរងគ្រោះទាំងនោះ។
នៅក្នុងហេតុការណ៍នេះ បានបំផ្លាញរថយន្តពីរគ្រឿង ដែលចតនៅជិតទីតាំងនោះ រួមទាំងអគារជាច្រើន និងសាលារៀនមួយខ្នង ។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមកអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅឡើយទេ៕
មតិយោបល់