ហ្វីលីពីនៈ ប្រភពពីយោធា នៅថ្ងៃពុធនេះ បាននិយាយថា ពួកសកម្មប្រយុទ្ធ បានកាត់ក្បាលអ្នកបើកទូកជនជាតិវៀតណាម ០២នាក់ ដែលបានចាប់ជាចំណាប់ខ្មាំងអស់រយៈពេល ០៨ ខែកន្លងមកហើយ នៅភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យយោធាលោកស្រី Captain Jo-Ann Petinglay បាននិយាយថា « កងទ័ពហ្វីលីពីនបានរកឃើញសាកសព មនុស្សពីរនាក់ ជាអ្នកដែលពួកសកម្មប្រយុទ្ធចាប់ជាចំណាប់ខ្មាំង នៅព្រឹកថ្ងៃពុធនេះ ស្ថិតនៅលើកោះ Basilan ជាតំបន់កាន់កាប់ដ៏រឹងមាំនៃក្រុមអាប៊ូសាយយ៉ាហ្វ។
លោកស្រី Petinglay បានបញ្ជាក់ថា «កងទ័ពរបស់យើង បានរកឃើញសាកសពរបស់ពួកគេគ្មានក្បាល បន្ទាប់ពីអ្នកស្រុកបានជូនដំណឹងដល់យើងថា ប្រទះឃើញសាកសព ដោយក្បាលត្រូវបានរកឃើញ នៅក្បែរសាកសព»។
លោកស្រី Pintlay បានបន្ថែមថា «នេះគឺជាវិធានការដ៏អាក្រក់មួយរបស់ក្រុមអាប៊ូសាយយ៉ាហ្វ ដោយសារពួកគេយល់ឃើញថា មិនមានផលចំណេញពីសកម្មភាពចាប់ចំណាប់ខ្មាំងរបស់ពួកគេទ្បើយ »។
គួរបញ្ជាក់ដែរថា អាប៊ូសាយយ៉ាហ្វ ជាបណ្តាញក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩០ ដោយមានការឧបត្ថម្ភពីបណ្តាញកក្រុមភេរវករអាល់កៃដា របស់លោក អូសាម៉ា ប៊ិនឡាដិន ហើយបានបន្តរីករាលដាលខ្លួនធំទ្បើង តាមរយៈការប្លន់ និងចាប់ជំរិត៕
មតិយោបល់