ភ្នំពេញៈ ជនសង្ស័យឆក់ទូរសព្ទម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹតបង្ក្រាបបានខណៈពួកគេធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាកហូវ៉ៃពីបុរសជនជាតិចិនម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១០៧ទល់មុខផ្ទះលេខ២៧១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករារាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ សាល ពិសដ្ឋ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវមានស្រុកកំណើតនៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យម្នាក់ទៀតពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ រីឯជនរងគ្រោះមានឈ្មោះ ធុង សឹងនី ភេទប្រុស ជនជាតិចិន អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ទូរស័ព្ទដែលជនសង្ស័យឆក់បានហើយភ័យស្លន់ស្លោគប់ចូលក្រោមរថយន្តនោះម៉ាកហូវ៉ៃពណ៌ទឹកប្រាក់។

ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹតម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរម្នាក់ឯងតាមផ្លូវ១០៧ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្តាល1C 5300 បានធ្វើសកម្មភាពឆក់ទូរសព្ទដែម៉ាកហូវ៉ៃពីជនរងគ្រោះបានសម្រេច ខណៈនោះសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹតដែលល្បាតនៅក្បែរនោះបានដេញបុកផ្តួលម៉ូតូជនសង្ស័យបណ្តាលឲ្យដួលខណៈជនសង្ស័យបានគប់ទូរសព្ទចូលក្រោមរថយន្តប្រជាពលរដ្ឋដែលចតក្បែរនោះហើយសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់និងម៉ូតូជនសង្ស័យមួយគ្រឿង ចំណែកបក្ខពួកវាម្នាកទៀតរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ទូរសព្ទម៉ាកហូវ៉ៃត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ដើមវិញ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីសាកសួរនិងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការទៅតាមនីតិវិធី៕








មតិយោបល់