រុស្ស៊ី: កងទ័ពនីការ៉ាហ្គាបានបង្ហាញរថក្រោះប្រយុទ្ធថ្មីប្រភេទ T-72 ដែលបានទិញពីប្រទេសរុស្ស៊ី នៅក្នុងការតាំងពិព័រណ៍គ្រឿងសព្វាវុធ ដែលបានបើកសម្ពោធកាលពីថ្ងៃចន្ទម្សិលមិញនេះ នៅក្នុងរដ្ឋធានី Managua សាធារណរដ្ឋនីការ៉ាហ្គា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ Julio Cesar Aviles អគ្គមេបញ្ជាការនៅក្នុងកងកំលាំងប្រដាប់អាវុធនីការ៉ាហ្គា បានប្រាប់អ្នកកាសែតថា សាធារណរដ្ឋនីការ៉ាហ្គា បានរុះរើរចនាសម្ព័ន្ធនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ហើយថា រថក្រោះប្រយុទ្ធថ្មីប្រភេទ T-72 នឹងជំនួសរថក្រោះចាស់ប្រភេទ T-54 និង T-55 ដែលបានទិញពីអតីតសហភាពសូវៀត។
លោកបានបញ្ជាក់ថា «ទំនើបកម្មនិងការអភិវឌ្ឍ (កងទ័ព) … និងការពិនិត្យឡើងវិញ រួមបញ្ចូលទាំងការទិញគ្រឿងសព្វាវុធថ្មី ដូចជា រថពាសដែក BTR … ហើយរថក្រោះប្រភេទ T-72 ដែលនឹងជំនួសរថក្រោះចាស់ប្រភេទ T-54 និងរថក្រោះ T-55»។
បើយោងតាមតួលេខជាផ្លូវការសាធារណរដ្ឋនីការ៉ាហ្គា បានទិញរថក្រោះប្រភេទ T-721B1 ចំនួន ៥០គ្រឿង ដោយចំណាយទឹកប្រាក់ ៨០លានដុល្លារសហរដ្ឋអាមេរិកផងដែរ។
កាលពីថ្ងៃទី១២ ខែសីហា លោកប្រធានាធិបតីនីការ៉ាហ្គា Daniel Ortega បាននិយាយថា លោកបានស្នើសុំឱ្យសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលរុស្ស៊ី ដើម្បីជួយប្រទេសរបស់លោក ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀននិងឧក្រិដ្ឋកម្មផ្សេងៗ។
លោក Ortega បានសន្យាថា ប្រទេសរបស់លោកនឹងចំណាយថវិកាជាតិរបស់ខ្លួនជាច្រើនទៀត ដើម្បីបញ្ឈប់ក្រុមរត់ពន្ធថ្នាំញៀន ដែលឆ្លងកាត់ពីនីការ៉ាហ្គា ទៅឱ្យសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត៕
មតិយោបល់