ព័ត៌មានអន្តរជាតិ

ប៉ូលិសអាល្លឺម៉ង់ ៧៦ នាក់ ត្រូវរងរបួសខណៈផ្ទុះការតវ៉ា នៅឯកិច្ចប្រជុំ G-20

អាល្លឺម៉ង់ៈ មន្ត្រីប៉ូលិសក្នុងប្រទេស បាននិយាយថា យ៉ាងហោចណាស់កងកម្លាំងខ្លួន ៧៦ នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ដោយក្រុមបាតុករប្រើអំពើហិង្សា ទៅកាន់មន្ត្រីប៉ូលិស កាលពីថ្ងៃព្រហស្បតិ៍ នៅតាមដងផ្លូវនៃទីក្រុងហាំប៊ឺក ប្រទេសអាឡឺម៉ង់ ដែលជាកន្លែងកិច្ចប្រជុំកំពូល G-20 នឹងត្រូវធ្វើទ្បើង នៅសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។

ភ្នាក់ងារប៉ូលិស ០៣នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយប៉ូលិស បានឲ្យដឹងថា ម្នាក់ក្នុងចំណោមពួកគេ បានរងរបួសភ្នែក នៅពេលដែលផាវមួយ បានផ្ទុះនៅលើមុខរបស់ពួកគេ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដោយអាជ្ញាធរប៉ូលិសទីក្រុងហាំប៊ឺក បាននិយាយថា ប៉ូលិសម្នាក់ និងមន្រ្តីម្នាក់ ត្រូវបានគេវាយប្រហារនៅជិតផ្សារត្រីមួយ ក្នុងសង្កាត់ St. Pauli ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យរងរបួសនោះទេ។

ប្រភពដដែរ បានបញ្ជាក់ថា បុគ្គលិកសង្គ្រោះបន្ទាន់ និងយានយន្តរបស់ពួកគេ ក៏ត្រូវបានគេវាយប្រហារផងដែរ ហើយអត្តសញ្ញាណរបស់អ្នកវាយប្រហារ មិនទាន់ត្រូវបានគេដឹងនៅទ្បើយទេ។

ក្រុមប៉ូលិស បានអះអាងថា សកម្មរបស់ហ្វូងបាតុករមួយផ្នែក បានប្រព្រឹត្តទៅដោយមាក់ងាយចំពោះមន្រ្តីប៉ូលិស នៅឯកន្លែងកើតហេតុ ជាមួយនឹងការចោលដប និងសម្ភារៈផ្សេងទៀតនៅទីនោះ ដោយប៉ូលិសរៀបរាប់ថា ព្រឹត្តិការណ៍ទាំងនេះ គឺជាកុបកម្មធ្ងន់ធ្ងរបំផុត។

គួរបញ្ជាក់ដែរថា ក្រុមតវ៉ាបុរសដែលមានពាក់របាំងមុខ បានបំផ្លិចបំផ្លាញហាង និងរថយន្តជាច្រើន នៅតាមដងផ្លូវ ដោយមន្រ្តីប៉ូលិស បានចាប់ផ្តើមធ្វើការចាប់ខ្លួនផងដែរ៕

មតិយោបល់