ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ាដូណា ចោទតុលាការ និងសមត្ថកិច្ច កិបចោលសំណុំរឿងរបស់ខ្លួន

ក្នុងវេទិកាសន្និសីទកាសែតកាលពីថ្ងៃទី៦ កក្កដា ជុំការបកស្រាយរឿងរ៉ាវជម្លោះ លោក ម៉ាដូណា និងគ្រួសារ បានចោទប្រកាន់ថាតុលាការ និងសមត្ថកិច្ចមានចេតនា មិនអើពើលើពាក្យបណ្ដឹងរបស់ខ្លួន ទើបក្នុងពេលមានរឿងក៏មិនមានសមត្ថកិច្ចចុះដោះស្រាយក្រោយពេលប្ដឹង និងក្រោយពេលដាក់បណ្ដឹងទៅដល់តុលាការ ក៏មិនឃើញចំណាត់ការណាមួយក្នុងរយ:ពេលមួយសប្ដាហ៍មកហើយ។

លោកថាក្នុងពេលភាគីម្ខាងទៀតគប់កែវបណ្ដាលឲ្យបងស្រីរបស់លោកមានរបួសប៊ិះខ្វាក់ភ្នែកភ្លាមៗ គ្រួសាររបស់លោកបានទូរសព្ទទៅប្រាប់ខាងភូមិ និងខាងប៉ូលិសសង្កាត់ តែក្រុមទាំងនោះបានបដិសេធមិនមកនោះ ដោយគ្រាន់តែឮថាគ្រួសារដែលបង្កហេតុគឺជាសាច់ញាតិរបស់មន្ត្រីជាទីប្រឹក្សាម្នាក់ របស់ប្រធានរដ្ឋសភា។ តែផ្ទុយទៅវិញលោកបែរជាបានទទួលដំណឹងថា មន្ត្រីសមត្ថកិច្ចមួយរូបបែរជាណែនាំឲ្យគ្រួសារម្ខាងទៀត ធ្វើជាទៅពេទ្យប្រឌិតភស្តុតាងថាគ្រួសារលោកជាអ្នកបង្ករបួសស្នាមលើនារីមានផ្ទៃពោះម្នាក់ ដោយបានទាំងណែនាំឲ្យគ្រួសារបង្កហេតុប្ដឹងគ្រួសារលោកទាប្រាក់៨ម៉ឺនដុល្លារទៅវិញ។

លោកថាជារឿងអយុត្តិធម៌ណាស់ ដែលលោកជាអ្នកប្ដឹងមុន តែមិនត្រូវបានអាជ្ញាធរមិនទទួលយក តែបែជាភាគីខាងនោះបានក្លាយជាដើមបណ្តឹង និងបានកាឡៃឯកសារថាបងប្អូនលោកបានបង្ករបួសស្នាមមុន ទាំងគ្រួសារលោកហ៊ានដាក់ជីវិតថា មិនបានប៉ះពាល់នារីមានផ្ទៃពោះទាល់តែសោះ ក្នុងពេលនារីនោះគប់កែវចំកន្ទុយភ្នែក។

លោកថាក្រោយពេលទទួលបណ្ដឹងប្ដឹងចោទទាំងខុសការពិត និងទារគ្រួសារលោកដល់ទៅ៨ម៉ឺនដុល្លារ លោកក៏បានដាក់បណ្ដឹងទៅកាន់តុលាការដោយប្ដឹងពីបទបង្ករបួសស្នាម និងស្នើឲ្យតុលាការចេញដីកាចាប់ជនដៃដល់ទៅកាន់តុលាការ ប៉ុន្តែលោកអះអាងបណ្ដឹងរបស់ខ្លួនមានរយ:ពេលមួយអាទិត្យមកហើយ គឺនៅតែគ្មានតុលាការ ឬ សមត្ថកិច្ចណាមួយអើពើទាល់តែសោះ។

លោកនិងក្រុមគ្រួសារបង្ហាញពីការឈឺចិត្ត បន្ទាប់ពីអះអាងថាត្រូវបានគេរំលោភព្រំរបង និងបង្ករបួសស្នាម បែរជាគ្មានអ្នកណាដោះស្រាយ តែបែរជាបណ្ដោយឲ្យភាគីម្ខាងទៀតប្រឌិតភស្តុតាង និងប្ដឹងចោទចំពោះគ្រួសាររបស់លោកទាំងអយុត្តិធម៌ទៅវិញ។ លោកទទូចឲ្យអ្នកធ្វើដំណើរតាមផ្លូវដែលបានឃើញ និងថតទិដ្ឋភាពនៃជម្លោះរវាងលោក និងគ្រួសារនោះ មុនបង្ករបួសស្នាមលើបងស្រីរបស់លោក ជួយផ្ដល់វីដេអូ និងស្នើសុំសមត្ថកិច្ចបើកកាមេរ៉ាផ្លូវសាធារណ:ត្រង់ចំណុចកើតហេតុ ដើម្បីឲ្យដឹងថាតើបងស្រីលោកពិតជាបានបង្កហិង្សាលើនារីពោះធំឈ្មោះពៅមែន ឬយ៉ាងណា។

លោកថាតុលាការ និងសមត្ថកិច្ចមានចេតនាមិនដោះស្រាយ ទើបរឿងរ៉ាវរបស់លោកតាំងពីដល់សង្កាត់ រហូតដល់តុលាការ នៅតែគ្មានពន្លឺសោះ។ ប៉ុន្តែសម្រាប់ខាងនោះ បែរជាមានការយកចិត្តទុកដាក់៕

មតិយោបល់