អាល្លឺម៉ង់ៈ ក្រុមមេដឹកនាំ G20 នៅថ្ងៃសុក្រ បានប្តេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ព្រមទាំងការផ្តល់ហិរញ្ញប្បទានរបស់ខ្លួនផងដែរ ក្រោយពីកិច្ចពិភាក្សាការងារ នៅថ្ងៃដំបូង ក្នុងជំនួបកំពូល G20 នៅទីក្រុងហាំប៊ឺក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។
តាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ប្រមុខរដ្ឋនៃប្រទេសចំនួន ២០ ដែលមានឧស្សាហកម្ម និងការអភិវឌ្ឍន៍ដ៏ធំបំផុតប្រមាណជា ៨៥% នៃផលិតផលសរុបសកលលោក បានបញ្ជាក់សាជាថ្មីថា រាល់វិធានការប្រឆាំងនឹងអំពើភេរវកម្ម ត្រូវតែអនុវត្តតាមអនុសញ្ញាធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ (UN) និងកាតព្វកិច្ចទាំងអស់ ដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិ។
ជាពិសេសមេដឹកនាំទាំងអស់ បានព្រមព្រៀងគ្នាលើការដោះដូរព័ត៌មាន ព្រមទាំងគោលដៅ ក៏ដូចជាអនុវត្តនូវយន្តការ ចែករំលែកព័ត៌មានយ៉ាងពេញលេញ ដែលពាក់ព័ន្ធនឹងមុខងារនៃការចែករំលែកព័ត៌មានរបស់ INTERPOL ។
ក្រៅពីបញ្ហាភេវរកម្ម កិច្ចប្រជុំកំពូល G20 ក្រោមការដឹកនាំរបស់អាល្លឺម៉ង់ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ក៏បានធ្វើការពិភាក្សាអំពីកំណើនសេដ្ឋកិច្ចសកល, ពាណិជ្ជកម្ម , ការប្រែប្រួលអាកាសធាតុ ហើយថែមទាំងបន្តផ្តោតសំខាន់ទៅលើភាពជាដៃគូ ជាមួយអាហ្វ្រិក, ការធ្វើចំណាកស្រុក និងបញ្ហាសុខភាព នៅថ្ងៃសៅរ៍នេះផងដែរ៕
មតិយោបល់