ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបញ្ជូននាវាមុជទឹកមានសមត្ថភាពបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែកបន្ថែមទៀត ទៅកាន់ឧបទ្វីបកូរ៉េ

អាមេរិកៈ ខណៈដែលភាពតានតឹង នៅឧបទ្វីបកូរ៉េកាន់តែខ្លាំងទ្បើង អាមេរិក ត្រូវបានគេជឿថា នឹងមានផែនការបង្កើនចំនួនទ្រព្យសម្បត្តិយោធា ជាយុទ្ធសាស្ត្ររបស់ខ្លួន នៅលើទឹកដីកូរ៉េខាងត្បូង ដែលជាតំបន់យោធានៃប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

កាលពីថ្ងៃពុធ ប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បានប្រាប់សមាជិកសភាក្នុងប្រទេសថា អាមេរិកបានសន្យាថា នឹងបង្កើនការដាក់ពង្រាយប្រព័ន្ធអាវុធ ដែលជាយុទ្ធសាស្រ្តរបស់ខ្លួន នៅជិតឧបទ្វីបកូរ៉េ បន្ទាប់ពីប្រទេសទាំងពីរ បានព្រមព្រៀងគ្នាចុះហត្ថលេខា ដើម្បីបញ្ជាក់ពីកាតព្វកិច្ចរបស់អាមេរិក ក្នុងការធ្វើឲ្យប្រសើរទ្បើងនូវការសន្យារបស់ខ្លួន។

សូមជំរាបថា ទ្រព្យសម្បត្តិយោធាជាយុទ្ធសាស្ត្រទាំងនោះ រួមមាននាវាផ្ទុកយន្តហោះចម្បាំង, នាវាមុជទឹកបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ Ohio-class, យន្តហោះទម្លាក់គ្រាប់បែក B-2 Spirit និង F-22 Raptors ជាយន្តហោះចម្បាំងដែលមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងលោក និង ជាប្រភេទយន្តហោះបំបាំងកាយរបស់អាមេរិក។

សម្រាប់ប្រភេទ Ohio-class នីមួយៗ ផ្ទុកទៅដោយមីស៊ីលផ្លោងអន្តរទ្វីប D-5 Trident ចំនួន ២០ ដើម ដែលក្នុងមួយដើម អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ចំនួន ១២ គ្រាប់ ៕

មតិយោបល់