ឥណ្ឌាៈ ក្រុមមន្ត្រីក្នុងប្រទេស នៅថ្ងៃចន្ទនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៣ នាក់បានស្លាប់ និងជាង ១២ នាក់ទៀតរងរបួស នៅក្នុងករណីរន្ទះបាញ់ និងព្យុះភ្លៀង នៅទូទាំងរដ្ឋប៊ីហារ ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។
ចំនួនអ្នកស្លាប់ និងរបួសទាំងអស់ ត្រូវបានគេរាយការណ៍មកពីទីក្រុងវីសាលីយ៉ា, សារ៉ាន់ និងទីក្រុងប៉ាត់ណា ដែលជារដ្ឋធានីនៃរដ្ឋប៊ីហារ។
ពាក់នឹងបញ្ហានេះដែរ នាយកដ្ឋានឧតុនិយមនៅក្នុងរដ្ឋ ក៏បានជូនសេចក្ដីដំណឹងដាស់តឿនមួយផងដែរ សម្រាប់ប្រជាជនបន្ទាប់ពីមានព្យុះ និងភ្លៀងធ្លាក់យ៉ាងខ្លាំងរយៈពេល ៤៨ ម៉ោង។
តាមការិយាល័យកត់ត្រាឧក្រិដ្ឋកម្មជាតិរបស់ឥណ្ឌា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២,០០០ នាក់បានស្លាប់ ដោយសាររន្ទះបាញ់ នៅឥណ្ឌាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៥ មក៕
មតិយោបល់