ព័ត៌មានអន្តរជាតិ

ឥណ្ឌា បើកការបាញ់ប្រហារនៅតំបន់ព្រំដែនជម្លោះ ដោយសម្លាប់ជនស៊ីវិលប៉ាគីស្ថាន

កងទ័ពប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់ជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការបាញ់ប្រហាររបស់ឥណ្ឌា នៅតាមបណ្តោយព្រំដែនការងាររវាងប្រទេសទាំងពីរ គឺឥណ្ឌា និងប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

តាមសេចក្តីថ្លែងការណ៍មួយពីយោធាប៉ាគីស្ថាន បានឲ្យដឹងថា កងទ័ពឥណ្ឌា បានរំលោភលើបទឈប់បាញ់គ្នា ដោយប្រើប្រាស់កាំភ្លើងត្បាល់ស្វ័យប្រវត្តិ បាញ់ប្រហារមកកាន់ទីតាំងជនស៊ីវិលស្លូតត្រង់ នៅតាមបណ្តោយព្រំដែនការងារ ក្នុងតំបន់ Phuklian កាលពីថ្ងៃពុធ។

ដោយបញ្ហានេះដែរ កងកម្លាំង Rangers របស់យោធាប៉ាគីស្ថាន ក៏បានប្រយុទ្ធតប និងតម្រង់គោលដៅទៅកាន់ដែនដី ឥណ្ឌាវិញផងដែរ បន្ទាប់ពីការបាញ់មកលើទីតាំងប្រជាជនស៊ីវិលរបស់ខ្លួននោះ។

ឧបទ្ទវហេតុនេះ បានកើតឡើងចំពេលដែលមានភាពតានតឹងកើនទ្បើង តាមបណ្តោយបន្ទាត់នៃការគ្រប់គ្រង (LoC) ចាប់តាំងពីការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធទៅលើមជ្ឈមណ្ឌលកងទ័ពឥណ្ឌា ក្នុងតំបន់កាស្មៀរ ដោយបានសម្លាប់ទាហាន ១៩ នាក់ កាលពីថ្ងៃទី ១៩ ខែកញ្ញាឆ្នាំមុន។

សូមជំរាបថា ប៉ាគីស្ថាន និងឥណ្ឌា បានប្រកាសឈប់បាញ់នៅតាមបណ្តោយ LoC ក្នុងតំបន់កាស្មៀរ ដែលមានជម្លោះ និងព្រំដែនការងារកាលពីឆ្នាំ ២០០៣ ក៏ប៉ុន្តែប្រទេសទាំងពីរ នៅតែបន្តមានជម្លោះនឹងគ្នាដដែរ ខណៈភាគីទាំងសងខាង បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំលោភលើបទឈប់បាញ់គ្នា៕

មតិយោបល់