ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ប្រកាសពីជ័យជំនះជាផ្លូវការ ក្រោយសមរភូមិប្រយុទ្ធគ្នាដ៏កក្រើក នៅទីក្រុងម៉ូស៊ុល

អ៊ីរ៉ាក់ៈ នាយករដ្ឋមន្ត្រីលោក Haider al-Abadi បានប្រកាសជាផ្លូវការនូវជ័យជម្នះទាំងស្រុងទៅ លើពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅក្នុងទីក្រុងម៉ូស៊ុល។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ ១១ ខែកក្កដា ឆ្នាំ២០១៧។

លោក Abadi បានលើកគ្រវីទង់ជាតិមួយជាមួយកងទ័ព បន្ទាប់ពីប្រកាសពីការដួលរលំនៃរដ្ឋភេរវនិយម។

យ៉ាងណាមិញនៅពេលថ្មីៗនេះ ក៏មានការប៉ះទង្គិចគ្នា ត្រូវបានគេរាយការណ៍ផងដែរថា បានកើតទ្បើងនៅផ្នែកតូចមួយ នៃទីក្រុងចាស់នេះ ដែលមានពួកសកម្មប្រយុទ្ធ IS ជាច្រើននាក់ កំពុងកាន់កាប់នៅទីនោះ។

សូមជំរាបថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល ជាមួយពួកសកម្មប្រយុទ្ធ IS នៅទីក្រុងម៉ូស៊ុល បានចំណាយរយៈពេលស្ទើរតែប្រាំបួនខែ មុននឹងទទួលបានជ័យជម្នះនេះ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធតំបន់ធំ ៗ ក្នុងទីក្រុងជាច្រើនកន្លែង រួមទាំងសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ ខណៈដែលមនុស្សជាង ៩២០ ពាន់នាក់ទៀត ត្រូវបានជម្លៀសខ្លួនចេញផងដែរ។

កងកម្លាំងអ៊ីរ៉ាក់ ដែលដឹកនាំគាំទ្រការវាយប្រហារតាមអាកាស ដោយសហរដ្ឋអាមេរិក បានបើកការប្រយុទ្ធគ្នា ជាមួយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ដើម្បីដណ្ដើមយកទីក្រុងម៉ូស៊ូលមកវិញ ចាប់តាំងពីថ្ងៃទី ១៧ ខែតុលា ឆ្នាំមុនមកម៉្លេះ។

គួរបញ្ជាក់ដែរថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានរឹបអូសទីក្រុងនេះ កាលពីខែមិថុនា ឆ្នាំ ២០១៤ មុនពេលដែល​ពួក​ឧទ្ទាម​ជី​ហាដ​ស៊ុន​នី​អារ៉ាប់ (Sunni Arab) បាន​កាន់កាប់​ផ្នែក​ជាច្រើននៅអ៊ីរ៉ាក់ ហើយបានប្រកាសជារដ្ឋកាលីហ្វាតរបស់ពួកគេ ដែលមានមូលដ្ឋាននៅក្នុងទឹកដីអ៊ីរ៉ាក់ និងស៊ីរី៕

មតិយោបល់