ជប៉ុនៈ ទីភ្នាក់ងារព័ត៌មានក្យូដូ បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលជប៉ុន បានសម្រេចបញ្ឈប់សមយុទ្ធ វាយប្រហារដោយគ្រាប់មីស៊ីល បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តមួយ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបន្ធូរបន្ថយភាពតានតឹង។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
មន្រ្តីជាន់ខ្ពស់ជប៉ុនម្នាក់ បានប្រាប់ភ្នាក់ងាររ៉យទ័រថា សេចក្តីប្រកាសទាក់ទងនឹងសមយុទ្ធនេះ នឹងត្រូវធ្វើទ្បើងនៅថ្ងៃសុក្រសប្ដាហ៍នេះ។
កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ លោក ត្រាំ បានបើកកិច្ចប្រជុំកំពូលមួយ ជាមួយលោក គីម នៅឯប្រទេសសិង្ហបុរី ដោយមេដឹកនាំកូរ៉េខាងជើង បានប្តេជ្ញាថា នឹងឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ខណៈដែលលោក ត្រាំ បាននិយាយថា លោកនឹងបញ្ចប់ការធ្វើយុទ្ធយោធា រវាងអាមេរិក និងកូរ៉េខាងត្បូង។
ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលនេះ រដ្ឋាភិបាលជប៉ុនបានសាទរ និងស្វាគមន៍យ៉ាងខ្លាំង ដោយលើកទ្បើងថា វាជាជំហានដំបូងឆ្ពោះទៅរក ការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ប៉ុន្តែក៏បញ្ជាក់ផងដែរថា សមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង គឺជាការរារាំងដ៏សំខាន់ ពីគំរាមកំហែងក្រុងព្យុងយ៉ាង៕
មតិយោបល់