ព័ត៌មានអន្តរជាតិ

នៅស៊ីរីមនុស្ស ៦៣០ នាក់ បានវិលត្រឡប់ទៅកាន់លំនៅស្ថានខ្លួនវិញ បន្ទាប់ពីពួកគេត្រូវបានជម្លៀសចេញពីតំបន់ពួកឧទ្ទាមកាន់កាប់

ស៊ីរី: ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា មនុស្សប្រហែល ៦៣០នាក់ បានវិលត្រឡប់មកកាន់លំនៅស្ថានរបស់ពួកគេវិញ នៅភាគកណ្តាលនៃទីក្រុងហូម កាលពីថ្ងៃអង្គារ បន្ទាប់ពីពួកគេត្រូវបានជម្លៀសចេញ កាលពីឆ្នាំមុនទៅកាន់ទីក្រុងភាគជើងនៃប្រទេសស៊ីរី ដែលជាកន្លែងកាន់កាប់ដោយពួកឧទ្ទាម។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៧។

ប្រភពដដែរបានឲ្យដឹងទៀតថា ប្រជាជនទាំងនោះ ត្រូវបានគេជម្លៀសចេញពីសង្កាត់អាល់វ៉ាវ នៃទីក្រុងហូម កាលពីខែឧសភា ជាមួយនឹងក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ ឆ្ពោះទៅកាន់ទីក្រុង Jarablus នៅភាគខាងជើងប្រទេសស៊ីរី។

ការជម្លៀសនេះ បានធ្វើទ្បើងដោយមានកិច្ចព្រមព្រៀងមួយ រវាងរដ្ឋាភិបាលស៊ីរី និងពួកឧទ្ទាម នៅតំបន់អាល់វ៉ាវ ជាកន្លែងដែលកាន់កាប់ដោយពួកឧទ្ទាមចុងក្រោយ ក្នុងទីក្រុងហូម ដោយពេលនោះក្រោមការស្រមុះស្រមួល និងការត្រួតពិនិត្យរបស់រុស្ស៊ី។

កិច្ចព្រមព្រៀងនេះ បានអនុញ្ញាតឲ្យពួកឧទ្ទាម និងគ្រួសាររបស់ពួកគេ ព្រមទាំងជនស៊ីវិល មកកាន់ទីក្រុង Jarablus ស្ថិតនៅក្នុងខេត្តអាទ្បេប៉ូ ភាគខាងជើងនៃប្រទេស ក្បែរព្រំដែនតួកគី។

គួរបញ្ជាក់ដែរថា មនុស្ស ៦៣០ នាក់ ដែលត្រូវបានគេជ្រើសរើសឲ្យវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ គឺដោយសារតែស្ថានភាពលំបាក នៅទីក្រុង Jarablus ជាកន្លែងដែលពួកគេ ត្រូវបានរៀបចំឲ្យរស់នៅក្នុងជំរំ ជាមួយពួកឧទ្ទាមគាំទ្រដោយប្រទេសតួកគី៕

មតិយោបល់