ព័ត៌មានអន្តរជាតិ

បុរសម្នាក់ អាចត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៣០០ ឆ្នាំ ពីបទរំលោភបំពានផ្លូវភេទលើកុមារ

អាមេរិក: បុរសម្នាក់អាយុ ២៩ ឆ្នាំ រស់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដែលគេសង្ស័យថា បានរំលោភបំពានផ្លូវភេទលើកុមារ យ៉ាងហោចណាស់ ០៤នាក់ ដោយគាត់អាចត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ រយ:ពេល ៣០០ ឆ្នាំ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។

តាមរបាយការណ៍របស់ភ្នាក់ងារ NBC Los Angeles បានឲ្យដឹងថា Gilbert Andrew Chavarria ដែលមានឈ្មោះហៅក្រៅថា Creeper បានសម្រុកចូលក្នុងផ្ទះ និងបានរំលោភបំពានផ្លូវភេទលើកុមារ នៅទីក្រុង Escondido និង San Marcos ដែលមានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Los Angeles ក្នុងអំឡុងពេលព្រឹកព្រលឹម កាលពីខែមិថុនា និងកក្កដា ឆ្នាំ២០១៣។

ដោយប៉ូលិសបានជឿថា បុរសខាងលើ បានចាប់ហែកសម្លៀកបំពាក់ជនរងគ្រោះ អំឡុងពេលធ្វើសកម្មភាព រំលោភផ្លូវភេទ ហើយភាគច្រើននៃជនរងគ្រោះ គឺជាមនុស្សវ័យជំទង់ ប៉ុន្តែក្នុងនោះក៏មានក្មេងស្រីអាយុ ០៥ ឆ្នាំម្នាក់ផងដែរ។

ក្នុងនោះប៉ូលិស បាននិយាយថា ពួកគេមិនទាន់បានកំណត់ចំនួនជនរងគ្រោះច្បាស់លាស់នៅឡើយទេ ហើយកំពុងស្នើសុំជំនួយពីសាធារណ:ជន ក្នុងការស្វែងរកអ្នករងគ្រោះផ្សេងទៀត។

ប្រភពដដែរបានបន្តឲ្យដឹងទៀតថា ជនសង្ស័យខាងលើ នឹងត្រូវបង្ហាញខ្លួននៅតុលាការនាថ្ងៃទី ២២ ខែកញ្ញាខាងមុខ ហើយប្រសិនបើគេរកឃើញថាពិតជាមានទោសកំហុសមែននោះ គាត់អាចនឹងត្រូវប្រឈមមុខនឹងការជាប់ ពន្ធនាគាររយ:ពេល ៣០០ ឆ្នាំ ៕

មតិយោបល់