ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងប្រធានាធិបតីបារាំង នឹងបន្តធ្វើការរួមគ្នា បើទោះបីជាមេដឹកនាំទាំងពីរ ខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនក៏ដោយ

បារាំងៈ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា ខ្លួនគោរពតាមការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុ នៅទីក្រុងប៉ារីស ប៉ុន្តែលោកក៏បានបញ្ជាក់ទៅវិញដែរថា បារាំងនៅតែប្តេជ្ញាចិត្តអនុវត្តវាបន្តទៀត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា​ឆ្នាំ២០១៧។

លោក ម៉ាក្រុង បាននិយាយនៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ថា ពាក់ព័ន្ធនឹងគោលជំហរលើអាកាសធាតុ យើងបានដឹងពីភាពខុសគ្នារវាងបារាំង និងអាមេរិក ដោយលោក បានបន្ថែមថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការបន្តកិច្ចព្រមព្រៀងនេះ ឆ្ពោះដំណើរទៅមុខ។

សូមជំរាបថា ប្រធានាធិបតីអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ កាលពីខែមុន ដោយលោក ត្រាំ សំអាងថា នឹងលើកឡើងពីវិធានការ ដើម្បីចរចាកិច្ចព្រមព្រៀងយុត្តិធម៌ថ្មីមួយ ដែលមិនធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មអាមេរិក។

ជុំវិញបញ្ហានេះដែរ លោក ម៉ាក្រុង បាននិយាយថា វាជាសិទ្ធិក្នុងការដកខ្លួនចេញរបស់ភាគីម្ខាង ទៅលើកិច្ចព្រមព្រៀង មួយនេះ ខណៈដែលមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាពីរបៀប ដែលពួកគេអាចធ្វើការរួមគ្នាលើបញ្ហាផ្សេងៗ ដូចជាបទឈប់បាញ់គ្នា នៅក្នុងប្រទេសស៊ីរី និងភាពជាដៃគូពាណិជ្ជកម្ម។

គួរបញ្ជាក់ដែរថា បើទោះបីជាមានការខ្វែងគំនិតគ្នា រវាងមេដឹកនាំទាំងពីរលើបញ្ហាមួយចំនួនក៏ពិតមែន ប៉ុន្តែលោក ម៉ាក្រុង និងលោក ត្រាំ បានបញ្ជាក់បន្ថែមថា នឹងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មទៅលើក្រុម ដែលគេហៅខ្លួនឯងថា ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ផងដែរ៕

មតិយោបល់