ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កាលពីថ្ងៃចន្ទ បានប្រគល់សិទ្ធិស្វ័យគ្រប់គ្រងដល់ជនជាតិភាគតិចមូស្លីមហ្វីលីពីន ក្នុងបំណងកម្ចាត់ពួកសកម្មប្រយុទ្ធ IS ដែលបានរឹបអូសយកទីក្រុងភាគខាងត្បូងមួយ ក្នុងការប្រជែងដ៏ខ្លាំងបំផុត ជាមួយការគ្រប់គ្រងរយៈពេលមួយឆ្នាំរបស់រដ្ឋបាលលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។
លោក Duterte សង្ឃឹមថា ការផ្ដល់សិទ្ធិស្វ័យភាព សម្រាប់ការគ្រប់គ្រងនេះ នឹងបញ្ចុះបញ្ចូលដល់ជនជាតិមូស្លីមហ្វីលីពីន ឲ្យបដិសេធការគាំទ្ររបស់ពួកគេ ចំពោះក្រុមរដ្ឋអ៊ីស្លាម ដែលកូនចៅវាមួយចំនួន នៅកំពុងគ្រប់គ្រងផ្នែកខ្លះនៅទីក្រុងម៉ារ៉ាវី បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធជិតពីរខែ ដែលបណ្តាលឲ្យស្លាប់មនុស្សជាង ៥០០នាក់។
លោក Duterte ប្តេជ្ញាថា នឹងប្រើយន្តការសភា ដើម្បីពិនិត្យនូវសេចក្តីព្រាងច្បាប់មូលដ្ឋានស្តីពីជនមូស្លីមបាងសាម៉ូរ៉ូ (Bangsamoro Basic Law) ដែលតាក់តែង និងដាក់ជូនរួមគ្នាមកកាន់រូបលោក កាលពីថ្ងៃចន្ទ ដោយមន្ត្រីរដ្ឋាភិបាល និង ក្រុមទ័ពព្រៃមូស្លីមធំបំផុតរបស់ប្រទេស ដែលជារណសិរ្សរំដោះអ៊ីស្លាមម៉ូរ៉ូ (MILF)។
ថ្លែងនៅក្នុងសុន្ទរកថាមួយ លោក Duterte បាននិយាយទៅកាន់មេដឹកនាំ MILF និងមន្ត្រីរដ្ឋាភិបាលថា «ពេលនេះ គឺជាជំហានដ៏សំខាន់ ក្នុងការប្រឹងប្រែងរបស់យើង ដើម្បីបញ្ចប់ការស្អប់ ការមិនជឿទុកចិត្តគ្នា និងអំពើអយុត្តិធម៌ ដែលបានបណ្តាលឲ្យខាតបង់ រួមទាំងប៉ះពាល់ដល់ជីវិតប្រជាជនហ្វីលីពីនរាប់លាននាក់»។
ដោយទ្បែកភាគីទាំងពីរ ក៏បានលើកទ្បើងដែរថា ការផ្តល់ជម្រើសល្អប្រសើរដល់ជនជនជាតិភាគតិចអ៊ីស្លាមក្រីក្រ និងជនជាតិកាតូលិករបស់ប្រទេសនេះ គឺជារឿងសំខាន់បំផុត ដើម្បីឆ្ពោះទៅរកការលុបបំបាត់អំពើហិង្សា ដែលបង្កទ្បើងដោយក្រុមជ្រុលនិយម៕
មតិយោបល់