ព័ត៌មានអន្តរជាតិ

សមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ២៧ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារអត្តឃាត

អ៊ីរ៉ង់ៈ សមាជិកកងឆ្មាំបដិវត្តវជនអ៊ីរ៉ង់ ២៧ នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារអត្តឃាតមួយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានរាយការណ៍ថា យ៉ាងហោចណាស់សមាជិកឆ្មាំចំនួន ១០ នាក់ ត្រូវបានរងរបួសផងដែរ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលសំដៅទៅលើរថយន្ដក្រុង ដឹកកម្លាំងសន្តិសុខ។

ពាក់ព័ន្ធនឹងបញ្ហានេះ អនុប្រធានប្រធានាធិបតីអ៊ីរ៉ង់ លោក Eshaq Jahangiri បាននិយាយថា ឧប្បត្តិហេតុនេះ មិនធ្វើឲ្យខូចខាតដល់ឆន្ទៈរបស់ប្រជាជន ក្នុងការការពារកងបដិវត្តអ៊ីស្លាមនោះទេ ហើយការដោះស្រាយបញ្ហារបស់ជាតិ ចំពោះការប្រយុទ្ធប្រឆាំងឥតឈប់ឈរទៅលើភេរវកម្ម នឹងមានភាពរឹងមាំជាងមុន ។

ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ថា ការវាយប្រហារទៅលើកងកម្លាំងសន្តិសុខនេះ បានកើតឡើងនៅខេត្ត Sistan-Baluchestan របស់ប្រទេសអ៊ីរ៉ង់៕

មតិយោបល់