ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង គ្រោងបាញ់មីស៊ីលផ្លោងអន្តរទ្វីប នៅរយៈពេលពីរសប្ដាហ៍ខាងមុខទៀត

កូរ៉េៈ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានរាយការណ៍ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងត្រៀមរៀបចំធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBM) មួយ ឬអាចជាមីស៊ីល​រយៈចម្ងាយ​មធ្យម​ជាថ្មីម្ដងទៀត នៅរយៈពេលពីរសប្ដាហ៍ខាងមុខ​។ នេះបើយោងតាមសារព័ត៌មាន Fox2now ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។

ដកស្រង់សម្ដីមន្ត្រីរដ្ឋបាលអាមេរិកពីររូប បានបញ្ជាក់ថា ទំនងជានឹងមានការរៀបចំធ្វើតេស្តសាកល្បងមីស៊ីលថ្មីមួយទៀត ពីសំណាក់កូរ៉េខាងជើង ដោយផ្អែកទៅលើរូបភាពថ្មី ដែលប្រព័ន្ធរ៉ាដាផ្កាយរណបចាប់បាន។

មកទល់ពេលនេះ អាមេរិកកំពុងត្រួតពិនិត្យមើលបន្ថែមទៀត ជុំវិញការរៀបចំធ្វើតេស្តថ្មីរបស់ក្រុងព្យុងយ៉ាង រួមទាំងទំនាក់ទំនងដែលអាចត្រូវបានប្រើ នៅក្នុងការចាប់ផ្តើមតេស្តនេះ។

សូមជំរាបថា កូរ៉េខាងជើង ទើបតែបានបាញ់សាកល្បងមីស៊ីលថ្មីមួយ នៅថ្ងៃទី៤ ខែកក្កដានេះ ដែលវាជាប្រភេទគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ត្រូវបានអះអាងថា មានសមត្ថភាព អាចវាយប្រហារដល់ទឹកដីអាមេរិក៕

មតិយោបល់