លោក សាប៊ូន វិនតា ដែលជាគ្រូជំនួយជម្រើសជាតិ U-15 កម្ពុជា បានលើកឡើងថានៅក្នុងក្រុមបាល់ទាត់យុវជននេះមានកីឡាករម្នាក់និងអាចដូច ចាន់ វឌ្ឍនាកា សម្រាប់ទៅថ្ងៃអនាគត។
អតីតគ្រូជំនួយក្លិបបឹងកេតរូបនេះបានថ្លែងពេលទៅប្រកួតពានរង្វាន់ AFF U-15 Championship 2017 នៅប្រទេសថៃថា៖ យើងឃើញកីឡាករម្នាក់ដែលរំពឹងថាអាចក្លាយជាកីឡាករល្អ ដូចជា ចាន់ វឌ្ឍនាកា សម្រាប់ប្រទេសកម្ពុជាយើងទៅថ្ងៃអនាគតគឺកីឡាករលេខ ៩ សៀង ចន្ធា ការប្រយុទ្ធរបស់គាត់គឺល្អមែនទែន ទាំងបច្ចេកទេសផ្ទាល់ខ្លួន ទាំងការទាត់បាល់បញ្ចូលទី ខ្ញុំសង្ឃឹមថាកីឡាករម្នាក់នេះនិងក្លាយជា Super Star របស់កម្ពុជាយើង។ ខ្សែប្រយុទ្ធ សៀង ចន្ធា របស់ U-15 កម្ពុជា កំពុងតែកាន់កាប់តំណែងកំពូលតារាងអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ ពោលរកបាន ៥គ្រាប់ហើយដែលជាបេក្ខភាពប្រជែងយកស្បែកជើងមាសប្រចាំពានរង្វាន់ជើងឯកយុវជនអាស៊ាន ឆ្នាំ ២០១៧នេះ ដែលធ្វើឡើងក្នុងខេត្តឈុនបុរី ប្រទេសថៃ ។
សូមរំលឹកថា U-15 កម្ពុជា បានបាត់បង់ឱកាសឡើងទៅវគ្គបន្ទាប់ទៀតហើយក្នុង ពានរង្វាន់ AFF U-15 Championship 2017 ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ដោយ ៥ប្រកួត ឈ្នះ ២ និងចាញ់ ៣ បានត្រឹមចំណាត់ថ្នាក់លេខ ៣ប៉ុន្នោះ ៕
លោក សាប៊ូន វិនតាចាន់ វឌ្ឍនាកា សៀង ចន្ធា
មតិយោបល់