ចិនៈ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃពុធនេះ បានប្រកាសថា ក្រុងប៉េកាំង នឹងចាត់វិធានការសងសឹក ចំពោះគម្រោងកំណត់ពន្ធបន្ថែមលើទំនិញរបស់ពួកគេ ពីសំណាក់ក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំង ទៅលើសកម្មភាពពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិក ដោយលើកទ្បើងថា នឹងធ្វើការឆ្លើយតបភ្លាមៗផងដែរ ប្រសិនបើក្រុងវ៉ាស៊ីនតោន ដាក់ពន្ធបន្ថែមលើទំនិញចិន ដែលគិតជាទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញកាលពីថ្ងៃអង្គារថា ពន្ធគយលើទំនិញរបស់ចិន ទាំងនោះកន្លងមក គឺរដ្ឋបាលរបស់លោកមិនអាចទទួលយក បានទាំងស្រុងនោះទេ។
យ៉ាងណាមិញក្រសួង បានបញ្ជាក់ថា ដើម្បីការពារផលប្រយោជន៍សំខាន់ៗរបស់រដ្ឋ ក៏ដូចជាផលប្រយោជន៍ស្នូលនៃប្រជាជនខ្លួន រដ្ឋាភិបាលចិន នឹងចាត់វិធានការចាំបាច់ ក្នុងការឆ្លើយទៅវិញផងដែរ៕
មតិយោបល់