ព័ត៌មានអន្តរជាតិ

ប្រេស៊ីល បញ្ជូនកងទ័ព រួមទាំងប៉ូលិសចំនួនជាង ១ម៉ឺននាក់ ទៅកាន់រដ្ឋ Rio ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម

ប្រេស៊ីលៈ រដ្ឋាភិបាលប្រេស៊ីល បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ជូនទាហាន និងប៉ូលិសចំនួន ១០.២៤០ នាក់ សម្រាប់សកម្មភាពជួយប្រយុទ្ធប្រឆាំងនឹងករណីឧក្រិដ្ឋកម្ម នៅក្នុងរដ្ឋ និងទីក្រុង Rio de Janeiro ភាគអាគ្នេយ៍របស់ប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីការពារជាតិលោក Raul Jungmann បានឲ្យដឹងថា បុគ្គលិកយោធាចំនួន ៨.៥០០ នាក់ និងកងកម្លាំងសន្តិសុខជាតិ ៦២០ នាក់ ព្រមទាំង ១.១២០ នាក់ទៀត ជាប៉ូលិសនៅផ្លូវហាយវ៉េ នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងនោះ ដើម្បីជួយប៉ូលិសក្នុងតំបន់ ដោះស្រាយវិបត្តិសន្តិសុខសាធារណៈយ៉ាងធ្ងន់ធ្ងរ។

ក្នុងនោះដែរលោក Jungmann បានបន្ថែមថា កងទ័ពជាច្រើននាក់ទៀត អាចនឹងត្រូវគេបញ្ជូនទៅកាន់ទីតាំង រថភ្លើងក្រោមដីដទៃផ្សេងៗ នៅក្នុងទីក្រុង ប្រសិនបើចាំបាច់ ដែលប្រតិបត្តិការនេះ នឹងនៅតែបន្តរហូតដល់ឆ្នាំ ២០១៨ ។

គួរបញ្ជាក់ដែរថា វិធានការនេះ បានកើតឡើងបន្ទាប់ពីអភិបាលរដ្ឋ និងអភិបាលក្រុង Rio de Janeiro បានស្នើសុំជំនួយសហព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ដែលកំពុងកើនឡើងនៅទីនោះ៕

មតិយោបល់