កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានឆ្លើយតបទាំងកំហឹង ចំពោះសហរដ្ឋអាមេរិក ដែលបានចុះបញ្ជីខ្លួនឡើងវិញថា ជារដ្ឋឧបត្ថម្ភដល់ក្រុមភេរវកម្ម ដោយហៅទង្វើនេះថា ជាការបង្កហេតុដ៏ធ្ងន់ធ្ងរមួយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
កូរ៉េខាងជើងកាលពីថ្ងៃពុធ បាននិយាយថា ការដាក់ក្រុងព្យុងយ៉ាងឲ្យត្រឡប់ចូលក្នុងបញ្ជីខ្មៅ នៃរដ្ឋគាំទ្រអំពើភេរវកម្មរបស់អាមេរិកទ្បើងវិញ នឹងពង្រឹងការតាំងចិត្តរបស់ខ្លួនបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ។
ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសម្នាក់ ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា កងទ័ព និងប្រជាជនរបស់កូរ៉េខាងជើង ពោរពេញដោយកំហឹងទៅលើក្រុមជនអន្ធពាល ដ៏សាហាវឃោរឃៅ ដែលហ៊ានដាក់ឈ្មោះប្រទេស ដ៏ពិសិដ្ឋរបស់ពួកគេ ទៅក្នុងបញ្ជីភេរវកម្មដ៏អាក្រក់នេះ។
សូមជំរាបថា ក្រុមអ្នកវិភាគមួយចំនួន បាននិយាយថា នយោបាយផ្លាស់ប្តូរ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅពេលនេះ ទំនងជាមិនអាចរារាំងកូរ៉េខាងជើងឆ្ពោះទៅរកការអភិវឌ្ឍនុយក្លេអ៊ែរដ៏មានសមត្ថភាពនោះទេ ហើយវាក៏ពុំអាចនាំយកនូវកិច្ចចរចាណាមួយ ស្ដីពីការលុបបំបាត់កម្មវិធីអាវុធរបស់របបមួយនេះទ្បើយ៕
មតិយោបល់