អាមេរិកៈ តាមអាជ្ញាធរ បាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងម្នាក់បាត់ខ្លួន ខណៈដែលមនុស្ស ០៩ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីករណីផ្ទុះឧស្ម័នធម្មជាតិ នៅអាគារសិក្សាមួយ កាលពីថ្ងៃពុធ ស្ថិតនៅភាគនិរតីរដ្ឋមិនីសូតា សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។
ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យនៃទីក្រុងមីនៀប៉ូលីស លោក John Fruetel បានប្រាប់សារព័ត៌មានថា សាកសពមនុស្សម្នាក់ ត្រូវបានគេទាញចេញពីគំនរបាក់បែកនៃអគារ នៅឯសាលា Minnehaha Academy ក្នុងទីក្រុងមីនៀប៉ូលីស កាលពីរសៀលថ្ងៃពុធ។
មកទល់ពេលនេះ ភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីរបាយការណ៍ដំបូង បាននិយាយថាមានមនុស្ស ០៣នាក់ កំពុងបាត់ខ្លួន នៅពេលដែលពួកគេ បានរកឃើញសាកសពម្នាក់។
ម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ ត្រូវបានរកឃើញនៅខាងក្រៅអគារ ដោយមិនមានរងរបួសនោះទេ ខណៈមនុស្សម្នាក់ទៀត នៅបន្តបាត់ខ្លួន បន្ទាប់ពីរកឃើញសាកសពមនុស្សម្នាក់ ត្រូវបានគេបញ្ជាក់ថា ជាបុគ្គលិកស្រីរបស់សាលាឯកជននោះ។
គួរបញ្ជាក់ដែរថា ការស៊ើបអង្កេតមួយ កំពុងដំណើរការនៅគំនរបាក់បែកអគារជាន់ទីពីរ ក្នុងគោលបំណងស្វែងរកអ្នកបាត់ខ្លួនចុងក្រោយ ដែលជាអ្នកបោសសំអាតសាលា មានអាយុ ៨១ ឆ្នាំ៕
មតិយោបល់