ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាក់ថា រឿងតែមួយគត់ដែលអាមេរិកនឹងត្រូវធ្វើ ជាមួយកូរ៉េខាងជើង

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ថា «រឿងតែមួយគត់ប៉ុណ្ណោះ ដែលអាមេរិកនឹងត្រូវធ្វើ ទាក់ទងទៅនឹងការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប និងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២១០១៧។

ដំបូងទ្បើងរដ្ឋបាលប្រធានាធិបតីអាមេរិក ចង់ធ្វើកិច្ចចរចាជាមួយកូរ៉េខាងជើង ប៉ុន្តែដោយមើលឃើញពុំទទួលបានផ្លែផ្កា លោក ត្រាំ ក៏បានធ្វើការបដិសេធទៅវិញផងដែរ ខណៈលោកបានលើកទ្បើងថា កិច្ចចរចាជាមួយក្រុងព្យុងយ៉ាង គឺជាការខ្ជះខ្ជាយឥតប្រយោជន៍ ហើយរឿងតែមួយគត់ប៉ុណ្ណោះ ដែលរដ្ឋបាលលោក ត្រូវចាត់ការនិងរបបកុម្មុនិស្តមួយនេះ។

សូមជំរាបថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ កាន់តែខ្លាំងទ្បើង បន្ទាប់ពីមានសង្គ្រាមវោហាសាស្ត្រដ៏ក្តៅគគុក ក្នុងរយ:ប៉ុន្មានខែថ្មីៗនេះ រវាងមហាអំណាច និងមេដឹកនាំកូរ៉េខាងជើង ជាមួយការគំរាមគំហែង និងឌឺដងឲ្យគ្នាទៅវិញទៅមក។

កាលពីដើមសប្តាហ៍នេះ នៅក្នុងកិច្ចប្រជុំមួយ ជាមួយមេដឹកនាំយោធាកំពូលអាមេរិក លោក ត្រាំ បានថ្លែងនៅចំពោះមុខអ្នកយកព័ត៌មាន អំពីបញ្ហាកូរ៉េខាងជើងថា «ស្ងប់ស្ងាត់មុនពេលមានព្យុះ»។

ពាក់ព័ន្ធនឹងសម្ដីខាងលើនេះ បានធ្វើឲ្យក្រុមអ្នកយកព័ត៌មានស្នើឲ្យលោកធ្វើការបញ្ជាក់ផងដែរ ប៉ុន្តែលោក ត្រាំ មិនបានផ្តល់ការបំភ្លឺអ្វីបន្ថែមនោះទេ ដោយលោកគ្រាន់តែបាននិយាយថា «អ្នកនឹងបានដឹងអំពីវា»៕

មតិយោបល់