ព័ត៌មានអន្តរជាតិ

អាមេរិក គ្រោងធ្វើសមយុទ្ធយោធាទូទាំងសកលលោក ដើម្បីប្រឆាំងនឹងរុស្ស៊ី រួមទាំងការគំរាមកំហែងផ្សេងៗទៀត

អាមេរិកៈ មន្ត្រីបញ្ជាការកងទ័ពជាន់ខ្ពស់អាមេរិកម្នាក់ ប្រចាំនៅអឺរ៉ុប លោក Brigadier General John Healy បាននិយាយថា យោធាខ្លួនកំពុងរៀបចំឆ្ពោះទៅរកការធ្វើសមយុទ្ធជាសកលលោកបន្ថែមទៀត ដើម្បីទប់ស្កាត់នូវអ្វីដែលពួកគេមើលឃើញថា សក្ដានុពលរុស្ស៊ីកាន់តែរឹងមាំជាងមុន ក៏ដូចជាបញ្ហាគំរាមកំហែង ដ៏ស្មុគស្មាញផ្សេងៗទៀត ដែលអាមេរិកកំពុងប្រឈមផងដែរ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។

ហេតុផលចម្បងនាំឲ្យអាមេរិក ឆ្ពោះទៅរកការធ្វើសមយុទ្ធយោធាខ្លួន ជាសកលនេះ គឺដើម្បីឲ្យកងម្លាំងយោធាទាំងអស់ របស់អាមេរិក អាចធ្វើការរួមគ្នាបានយ៉ាងប្រសើរ ក្នុងការទប់ស្កាត់បញ្ហាប្រឈមនានា នៅទូទាំងពិភពលោក ។

លោក Healy បានបន្ថែមថា «កងទ័ពយើង ចាំបាច់ត្រូវប្រុងជើងការខ្ពស់ ដើម្បីទប់ស្កាត់ការគំរាមកំហែង កាន់តែខ្លាំងឡើងៗ នៅគ្រប់វិស័យទាំងអស់នៃសង្គ្រាម មិនថាទាំងនៅដីគោក ឬលំហអាកាស និងតាមប្រព័ន្ធអ៊ិនធើណែតតែប៉ុណ្ណោះទេ»។

ក្នុងនោះលោកក៏បានញ្ជាក់ទៀតថា សមយុទ្ធនេះ រួមបញ្ចូលទាំងការហាត់ត្រៀម សម្រាប់បង្ការនៅពេលមានជម្លោះ ដែលអាចកើតមាន និងលក្ខខណ្ឌគំរាមកំហែងផ្នែកយោធាផ្សេងៗ ដែលអាមេរិកកំពុងប្រឈម នាពេលបច្ចុប្បន្ន៕

មតិយោបល់