ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយឪពុកម្ដាយបោះបង់ចោល វង្ស ថាណាន់ បន្តចេញ Original Song

ស្ថិតក្នុងជីវិតជាអ្នកចម្រៀងដែលមិនទាន់ទទួលបានជោគជ័យនៅឡើយ តែគេកត់សម្គាល់ថាតារាចម្រៀង វង្ស ថាណាន់ ក្រសោបបានការអាណិតអាសូរពីសំណាក់អ្នកដឹងរឿងពិតរបស់លោកភាគច្រើន ដោយសារតែលោកគឺជាតារាចម្រៀងដែលគេស្គាល់ថាចេញកំណើតពីមណ្ឌលក្មេងកំព្រា ក្រោយពីឪពុកម្ដាយបោះបង់ចោលដោយគ្មានគិតគូតាំងពីតូចមិនទាន់ដឹងក្ដី។ អ្វីដែលអ្នកគាំទ្រកោតសរសើរចំពោះលោកនោះ គឺលោករមែងប្រឹងប្រែងរកលុយទាំងលំបាករាល់ថ្ងៃមកផលិតបទចម្រៀង Original Song ដោយមិនច្រៀងប្រភេទបទបកប្រែដែលមិនសូវចំណាយលុយច្រើនក្នុងការផលិត ដើម្បីមានបទជារបស់ផ្ទាល់ខ្លួនសម្រាប់មាគ៌ាសិល្បៈនោះទេ។

លោកបានបង្ហោះបទចម្រៀងថ្មោងថ្មីមួយបទក្រោមចំណងជើងថា«សុំចិត្ត!» ដោយបទរបស់លោកគ្រាន់តែចេញបង្ហោះភ្លាមក៏មានសន្ទុះចាប់អារម្មណ៍តែម្ដង ដោយសារតែបទចម្រៀងមួយនេះត្រូវគេកត់សម្គាល់ថាត្រូវនឹងទឹកដមសម្លេង។

លោក វង្ស ថាណាន់ បញ្ជាក់ថា លោកទើបតែមានឱកាសចូលប្រឡូកសិល្បៈកាលពី៣ឆ្នាំមុនប៉ុណ្ណោះ ហើយដោយសារតែលោកមិនជាប់ឈ្មោះបកប្រែបទបរទេសធ្វើអោយមានការរិះគន់ណាមួយ ទើបលោកសុខចិត្តសន្សំលុយពីការចេញច្រៀងពេលយប់ទាំងលំបាក ផលិតបទOriginal Song បើទោះជាត្រូវចំណាយពេល និងថវិកាច្រើនបន្តិច។

លោកថាខ្លួនធ្លាប់ទទួលការមាក់ងាយពីមនុស្សនៅជុំវិញខ្លួនឆ្អែតឆ្អន់អស់ហើយ ក្នុងពេលលោកត្រូវឪពុកម្ដាយបោះបង់ ហើយចូលទៅរស់នៅមណ្ឌលតាំងនៅតូចរហូតដល់វ័យ១៥ឆ្នាំ ដូច្នេះលោកមិនអាចអោយអ្នកណាមាក់ងាយ និងដៀលត្មិះលោកព្រោះតែចង់មានបទចម្រៀងហើយកូពីបទចម្រៀងពីគេទៀតនោះទេ។ បន្ថែមពីលើបទថ្មីនេះ លោកនិពន្ធបានចំនួន២បទហើយ ដែលជាប្រភេទ Original Song ចាប់តាំងពីលោកហក់ចូលនៅក្នុងវិថីសិល្បៈ។

យ៉ាងណាមិញ លោកថាសប្បាយចិត្តដោយសារតែបទទី១ក្រោមចំណងជើងថា«អារម្មណ៍ខ្លាចបាត់អូន»បានទទួលជោគជ័យ ដែលជំរុញអោយលោកកាន់តែមានកម្លាំងចិត្តផលិតបទ Original បន្តបន្ទាប់ដោយមិននឿយហត់។ លោកថាខ្លួនគឺជាតារាចម្រៀងមិនស្គាល់ភាពកក់ក្ដៅពីសំណាក់ឪពុកម្ដាយនៅក្នុងជីវិត ក្រោយពីអ្នកមានគុណទាំងពីរចែកផ្លូវគ្នាហើយទុកលោកចោល ដោយរត់ទៅធ្វើការនៅក្នុងប្រទេសថៃបាត់ដំណឹងសូន្យ។

យ៉ាងណាមិញ ក្រោយពីលោកមានឱកាសបានក្លាយជាអ្នកចម្រៀងក្រោយពីត្រូវបានមណ្ឌលកុមារកំព្រានៅខេត្តកំពង់ស្ពឺយកទៅចិញ្ចឹម លោកនៅតែបានស្កាត់រកឪពុកម្ដាយ ដោយឪពុកសព្វថ្ងៃរស់នៅខេត្តព្រះវិហារ ហើយម្ដាយទើបតែទទួលមរណភាព ដោយលោកមិនបានខឹង និងស្អប់ឪពុកម្ដាយរបស់ខ្លួននោះទេ។

លោកតស៊ូចិញ្ចឹមខ្លួនឯងតាំងពីចេញពីមណ្ឌល ដោយបានចាត់ទុកថាអាជីពចម្រៀងគឺឪពុកម្ដាយទី៣ បន្ទាប់ពីមណ្ឌលកុមារកំព្រា និងបានប្រកាសថាមិនធ្វើអោយមានការរិះគន់តាមរយៈផលិតបទកូពីនោះទេ ដើម្បីចូលរួមលើកស្ទួយវិស័យចម្រៀងដែលផ្ដល់កំណើតអោយខ្លួនមិនមានការរិះគន់ណាមួយ។ លោកសប្បាយចិត្តយ៉ាងខ្លាំងដែលបទ«សុំចិត្ត»របស់លោកត្រូវបានអ្នកស្ដាប់ពេញចិត្ត ក្នុងពេលដែលលោកនឹងបន្តផលិតOriginal Song ច្រើនទៀត ដើម្បីបង្ហាញថាកូនកំព្រាមួយរូបដែលគ្មានឪពុក និងម្ដាយផ្ដល់ភាពកក់ក្ដៅ ក៏មានសមត្ថភាពធ្វើអោយខ្លួនឯងមានកិត្តិយសនៅក្នុងពិភពសិល្បៈ៕

https://drive.google.com/file/d/0BwFwYaEhdGg7WE43a3JfaUpzenc/view

មតិយោបល់