អាមេរិកៈ កម្មករនាវា ១២ នាក់ និងអ្នកពន្លត់អគ្គីភ័យម្នាក់ បានរងរបួស កាលពីថ្ងៃអាទិត្យ បន្ទាប់ពីនាវាដឹកកុងតឺន័រមួយគ្រឿង នៅកំពង់ផែដ៏សំខាន់ ស្ថិតនៅជិតទីក្រុងឡូសអាន់ជឺឡែន បានលេចធ្លាយសារធាតុគីមី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង ០៩និង ២៧ នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅពេលកុងតឺន័រដែលមានផ្ទុក ៦.០០០ ហ្គាឡុង នៅលើនាវាពាណិជ្ជកម្មមួយគ្រឿង បានចូលចតនៅកំពង់ឡុងប៊ិច ហើយវាបានលេចធ្លាយ នូវសារធាតុគីមីម៉្យាងឈ្មោះថា propyl acetate។
សូមជំរាបថា កំពង់ផែឡុងប៊ិចមានចំងាយប្រហែល ៤០ គីឡូម៉ែត្រ ពីភាគខាងត្បូងនៃទីក្រុងឡូសអាន់ជឺឡែន ដែលវាជាកំពង់ផែដឹកកុងតឺន័រដ៏មមាញឹកបំផុត នៅសហរដ្ឋអាមេរិក បន្ទាប់ពីកំពង់ផែទីក្រុងឡូសអាន់ជឺឡែន៕
មតិយោបល់