ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្ដេជ្ញានឹងផ្ដល់មេរៀនធ្ងន់ៗ ដល់អាមេរិក ប្រសិនបើហ៊ានចាត់វិធានការយោធាប្រឆាំងរបបខ្លួន

កូរ៉េៈ រដ្ឋមន្រ្តីការបរទេសទីក្រុងព្យុងយ៉ាង បាននិយាយថា កូរ៉េខាងជើង នឹងផ្តល់ឲ្យសហរដ្ឋអាមេរិកនូវមេរៀនដ៏ធ្ងន់ធ្ងរមួយ ប្រសិនបើក្រុងវ៉ាស៊ីនតោន ហ៊ានចាត់វិធានការយោធា ប្រឆាំងនឹងប្រទេសខ្លួន ដោយបានប្ដេជ្ញាថា នឹងមិនចូលតុចរចានោះទេ ហើយនៅតែបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ នៅរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បាននិយាយថា « ដរាបណាការគំរាមកំហែងអាវុធនុយក្លេអ៊ែរ រួមទាំងការប្រឆាំងសាធារណរដ្ឋខ្លួន នៅតែកើតមានពីសំណាក់អាមេរិកនោះ ក្រុងព្យុងយ៉ាង នឹងមិនធ្វើកិច្ចពិភាក្សាជាដាច់ខាត ជុំវិញការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរឡើយ ដោយអះអាងថា រដ្ឋាភិបាលនឹងមិនបោះបង់ផ្លូវ ដែលខ្លួនបានជ្រើសរើសរួចហើយនោះទេ ជាមួយនឹងការពង្រឹងសក្ដានុពលអាវុធនុយក្លេអ៊ែររបស់ខ្លួនបន្តទៀត»។

លោក Ri បានបន្ថែមថា « ស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងតានតឹងកាន់តែខ្លាំងឡើង ដោយសារតែសកម្មភាព បំពានពីសហរដ្ឋអាមេរិក។

ក្នុងនោះលោកបានបន្តថា «កូរ៉េខាងជើង មិនមានចេតនាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំង ឬគំរាមដល់ប្រទេសដទៃនោះទេ ប៉ុន្តែសម្រាប់តេស្តសាកល្បង ICBM របស់ខ្លួននាកន្លងទៅ គឺគ្រាន់តែធ្វើទ្បើង ដើម្បីតបតនឹងការចូលរួមពីបណ្ដាលប្រទេសនានា ជាមួយសកម្មភាពយោធាអាមេរិក ក្នុងការប្រឆាំងនឹងរបបខ្លួនប៉ុណ្ណោះ» ៕

មតិយោបល់