ព័ត៌មានជាតិ

សង្ស័យដាក់ជ្រុល! RAV4 លឿនខ្លាំងពេកជ្រុលចង្កូតបុកផ្ទប់ដើមពោធិ៍ពេញទំហឹង!

ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹង បានបើករថយន្តម៉ាក RAV4 លឿនដូចហោះ បោះពួយយ៉ាងលឿន បួងចង្កូតមិនទាន់ជ្រុលទៅបុកដើមពោធិ៍ពេញទំហឹង បណ្ដាលរថយន្តបែកធុងទឹក សំណាងមិនមានអ្នករបួស គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវសុធារស កែងនិងផ្លូវ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ សង្ស័យថាគាត់ស្រវឹង បានបើករថយន្តម៉ាក RAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9631 ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបួងចង្កូតមកផ្លូវ២៤០វិញ ក៏បានជ្រុលទៅបុកដើមពោធិ៍ពេញទំហឹង បណ្ដាលរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់