រុស្ស៊ីៈ មន្ត្រីព័ត៌មានតំបន់យោធាភូមិភាគខាងកើត លោក Vladimir Matveyev នៅថ្ងៃពុធនេះ បានឲ្យដឹងថា បន្ទាប់ពីសមយុទ្ធយោធារួមគ្នាលើកដំបូងរវាងមហាយក្សទាំងពីរ នៅសមុទ្របាល់ទិករួមមក ខណៈនេះដែរប្រទេសរុស្ស៊ី និងចិន បានព្រមព្រៀងគ្នាបន្តធ្វើសមយុទ្ធជាលើកទីពីរ ក្នុងទីក្រុងវ្ល៉ាឌីវ៉ូស្តុក នាខែកញ្ញាខាងមុខ។ នេះបើយោងតាមសារព័ត៌ Spunitk ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទមួយ លោក Matveyev បានបញ្ជាក់ថា ភាគីទាំងពីរ បានព្រមព្រៀងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ចាប់ពីថ្ងៃទី ១៨ ដល់ ២៦ ខែកញ្ញា ឆ្នាំ ២០១៧ នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក ភាគខាងកើតប្រទេសរុស្ស៊ី។
សូមជំរាបថា សមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងពីរ ជាលើកដំបូង ឈ្មោះថា Joint Sea-2017 បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៨ ខែកក្កដា នៅសមុទ្របាល់ទិក។
តាមក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា សមយុទ្ធលើកទីពីរនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពកងទ័ពជើងទឹក រុស្ស៊ី និងចិន ដើម្បីប្រឆាំងនឹងការគំរាមកំហែងនានានៅដែនទឹក រួមទាំងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹករបស់ប្រទេសទាំងពីរផងដែរ៕
មតិយោបល់