ព័ត៌មានអន្តរជាតិ

កងទ័ពអាល់ហ្សេរី រឹបអូសគ្រាប់ និងអាវុធ ៤០ ដើមនៅតាមព្រំដែន ជាមួយប្រទេសម៉ាលី

អាល់ហ្សេរីៈ ក្រសួងការពារជាតិប្រទេសអាល់ហ្សេរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រំសេវ និងអាវុធចំនួន ៤០ ដើម ត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យ ដោយកងទ័ពរដ្ឋាភិបាល ស្ថិតនៅតាមព្រំដែនជាមួយប្រទេសម៉ាលី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៧។

ប្រភពដដែរ បានឲ្យដឹងថា ពួកកងទ័ពបានដើរល្បាត នៅតំបន់ភាគខាងត្បូង Bordj Badji Mokhtar ក្បែរព្រំដែនជាមួយប្រទេសម៉ាលី មុនពេលពួកគេ បានរកឃើញលានដ្ឋានមួយ ដែលមានអាវុធ និងគ្រាប់រំសេវ។

សូមជំរាបថា វាមិនមែនជាលើកទីមួយនោះទេ ដែលកងទ័ពអាល់ហ្សេរី បានរកឃើញលានដ្ឋានអាវុធ នៅតាមបណ្ដោយព្រំដែនភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេស។

ដោយតំបន់នៅទីនោះ ត្រូវបានញាំញីដោយបញ្ហាសន្តិសុខ រួមទាំងអស្ថិរភាពនយោបាយមិនធ្លាប់មានពីមុនមក ខណៈដែលរដ្ឋាភិបាល កំពុងប្រឈមមុខនឹងការគំរាមកំហែងភេរវកម្ម។

គួរបញ្ជាក់ដែរថា ការដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ ត្រូវបានធ្វើទ្បើងនៅតាមព្រំដែនភាគខាងកើត និងភាគខាងត្បូង ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ក្រុមសកម្មប្រយុទ្ធ និងការរីកសាយភាយអាវុធ ក្នុងគ្រាមានអស្ថិរភាព កំពុងកើតមាននៅក្នុងប្រទេសម៉ាលី និងសង្គ្រាមស៊ីវិល ដែលវាយប្រហារនៅលីប៊ី៕

មតិយោបល់