ភ្នំពេញៈ ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ត្រង់ពោះ ខណៈដែលជនស្លៀកស៊ីវិលម្នាក់ ខឹងអ្នកមើលការខុសត្រូវហ្គេមបាញ់ត្រីមួយកន្លែង មិនបង់លុយឲ្យក៏ដកកាំភ្លើងបាញ់ក្បាលអ្នកមើលការខុសត្រូវហ្គេមខាងលើ តែមិនត្រូវគេចទាន់ ក៏ផ្លាតគ្រាប់កាំភ្លើងនោះចំស្ត្រីមានផ្ទៃពោះដែលឈរក្បែរនោះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវគេដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្រ្គោះភ្លាមៗផងដែរ។
ហេតុការណ៍បាញ់បោះខាងលើនេះបានកើតឡើង នៅម៉ោង ២និង៣៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ក្បែរផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមអ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនស្លៀកស៊ីវិលម្នាក់ មិនដឹងជាមកពីណានោះទេ បានទៅទារលុយពីទីតាំងបើកល្បែងហ្គេមត្រី ដែលនៅកន្លែងកើតហេតុខាងលើ តែពេលទារអ្នកមើលការខុសត្រូវល្បែងហ្គេមមិនឲ្យ ក៏កើតការខឹងសម្បារជាមួយបានទាញកាំភ្លើងខ្លីពីចង្កេះ បាញ់ក្បាល បុរសនោះ តែឃើញដូច្នោះបុរសនោះបានគេចទាន់ ក៏គ្រាប់ជ្រុលផ្លាតទៅត្រូវស្រ្តីមានផ្ទៃពោះ ដែលឈរក្បែរនោះ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ពីបាញ់ផ្លាតទៅត្រូវស្ត្រីពោះធំនោះហើយខ្មាន់កាំភ្លើងបាន រត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់ទុកអាវុធ និងសំបកគ្រាប់មួយគ្រាប់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុគេបានឃើញសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនិងប្រមូលយកវត្ថុតាងខាងលើមកដើម្បី ស្រាវជ្រាវ រកជនបង្កមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់