ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងចាត់វិធានការតបតទៅអាមេរិកវិញ ពាក់ព័ន្ធការដាក់ទណ្ឌកម្មថ្មីលើប្រទេសខ្លួន ចំពោះរឿងអាវុធកូរ៉េខាងជើង

រុស្ស៊ីៈ រដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងរៀបចំវិធានការតបតទៅវិញ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មថ្មី ដោយដាក់ក្រុមហ៊ុនរុស្ស៊ីមួយ ព្រមទំាងបុគ្គល ០៤នាក់ ចូលក្នុងបញ្ជីខ្មៅ ដោយសំអាងហេតុផលថា បានចូលរួមចំណែកអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។

កាលពីថ្ងៃអង្គារក្រសួងរតនាគារអាមេរិក បានបង្ហាញថា ខ្លួនបានដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ី និងចិនចំនួន១៦ ព្រមទាំងក្រុមហ៊ុននានាផ្សេងទៀត ដែលសង្ស័យថា មានជាប់ទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដោយក្រសួងរតនាគារ បានបព្ជាក់ថា ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងនៅក្រោមក្របខណ្ឌ នៃការអនុវត្តន៍ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង ជុំវិញការបាញ់ សាកល្បងមីស៊ីលផ្លោងចំនួនពីរលើក កាលពីខែកក្កដាកន្លងទៅនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven T. Mnuchin បាននិយាយថា «ក្រសួងរតនាគារជាតិអាមេរិក នឹងបន្តបង្កើនការដាក់សម្ពាធលើកូរ៉េខាងជើង ជាមួយការដាក់ទណ្ឌកម្មលើរាល់ អ្នកទាំងឡាយណា ដែលគាំទ្រកម្មវិធីអាវុធរបបមួយនេះ»។

ក្នុងនោះលោក Steven T. Mnuchin បានបន្ថែមថា វាជារឿងមិនអាចទទួលយកបានទ្បើយ ដែលបុគ្គល និងក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសរុស្ស៊ី និងចិន បានជួយឲ្យកូរ៉េខាងជើង រកប្រាក់ចំណូលមកអភិវឌ្ឍអាវុធ ដើម្បីបង្កជាអស្ថេរភាព នៅក្នុងតំបន់ និងពិភពលោកនោះ៕

មតិយោបល់