ព័ត៌មានកីឡា

PSG ត្រៀមខ្ចីជើង Mbappe ពីក្រុម Monaco

ថ្វីបើទទួលរងនូវការពិន័យ របស់ FIFA មិនឲ្យទិញកីឡាករ បន្ទាប់ពីការចំណាយលុយ ច្រើនជាងចំណូលនាពេលថ្មីៗនេះ ក្រុមជើងខ្លាំង Paris Saint Germain បានដូរគោលដៅ ពីទិញ មកស្ថិតក្នុងលក្ខខ័ណ្ឌ ខ្ចីជើងវិញ។

បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុមអ្នកមានបារាំង Paris Saint Germain នៅតែមិនបោះបង់បំណងចង់បាន Kylian Mbappe ឡើយ បើទោះបីជាពេលនេះ ក្រុមសម្បូរលុយមួយនេះ កំពុងជាប់បម្រាមក្តី។ ជាក់ស្តែងណាស់ ប្រភពខាងលើបានឲ្យដឹងថា ក្រុម Paris Saint Germain កំពុងតែ ស្រវ៉េស្រវ៉ា តាមខ្ចីជើង Mbappe ពីក្រុម Monaco ក្នុងតម្លៃខ្ចីជើង ១៥លានអឺរ៉ូក្នុង១ឆ្នាំ នារដូវកាលនេះ ដើម្បីឈានដល់ការទិញផ្តាច់ នៅរដូវក្តៅឆ្នាំក្រោយនេះ បន្ទាប់ពីក្លិប រួចផុតពីការពិន័យរបស់ FIFA ។ PSG មិនចង់បាត់បង់ Mbappe ទៅកាន់ក្រុមផ្សេងឡើយ ព្រោះថា កីឡាករបារាំងវ័យ ១៨ឆ្នាំរូបនេះ កំពុងជាទីចាប់អារម្មណ៍របស់ក្រុមល្បីៗជាច្រើន ដូចជា Real Madrid, Barcelona, Man City និងក្រុមមួយចំនួនទៀត ខណៈតម្លៃខ្លួន កើនឡើងរហូតដល់ទៅ ១៦០លានផោន។

យ៉ាងណាវិញ សម្រាប់ក្រុម Paris Saint Germain ថ្វីបើការទិញ Neymar បានធ្វើឲ្យក្លិបមានការប្រែប្រួលខ្លាំងជាងមុនក៍ដោយ តែក្លិបអ្នកមានបារាំងមួយនេះ នៅតែចង់បាន Kylian Mbappe មួយរូបទៀត ដើម្បីយកមកពង្រឹងក្រុម ឲ្យលាន់តែខ្លាំងក្លា ដើម្បីឈ្នះពាន Champion League ដែលជាគោលដៅធំ របស់ក្លិបមួយនេះ។ គួរបញ្ជាក់ផងដែរថា PSG មានបំណងចង់ទិញ Mbappe នៅរដូវកាលនេះ តែដោយសារ ក្រុមជាប់បម្រាម ពី FIFA មិនឲ្យទិញកីឡាករបន្ថែមនៅរដូវកាលនេះ ដោយសារការចំណាយច្រើនជាងចំណូល ជាហេតុធ្វើឲ្យ PSG សម្រេចមកខ្ចីជើងវិញ ដើម្បីយកមកចូលរួមជាមួយក្លិប ដែលពួកគេ នឹងទិញផ្តាច់នៅរដូវកាលក្រោយ។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុម Paris Saint Germain ពិតជាអាចនាំយក ខ្សែប្រយុទ្ធវ័យក្មេង កំពុងមានប្រជាប្រិយភាព Kylian Mbappe ពីក្រុម AS Monaco បានឬក៍យ៉ាងណា?

មតិយោបល់