អាស៊ីខាងត្បូងៈ ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រមាណជា ១,០០០ នាក់ បានសម្លាប់ក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់ បានវាយប្រហារតាមតំបន់មួយចំនួន នៅបណ្ដាប្រទេសអាស៊ីខាងត្បូង ខណៈដែលប្រជាជនជាច្រើន កំពុងខ្វះម្ហូបអាហារ និងទឹកស្អាតប្រើប្រាស់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
តួលេខអ្នកស្លាប់នៅក្នុងប្រទេសបង់ក្លាដេស ឥណ្ឌា និងនេប៉ាល់ បានរួមបញ្ចូលគ្នាគឺមានរហូតដល់ ៨០០ នាក់ ចាប់តាំងពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧នេះ។
អគ្គលេខាធិការកាកបាទក្រហម លោក Jagan Chapagain បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពពេលនេះ នឹងកាន់តែអាក្រក់ទៅៗ ខណៈដែលមនុស្សចំនួន ២៤លាននាក់ កំពុងទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។
សូមជំរាបថា ទឹកជំនន់នេះ ត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត នៅតំបន់អាស៊ីខាងត្បូង ដែលធ្លាប់បានជួបប្រទះជាច្រើនទសវត្សកន្លងមកហើយ៕
មតិយោបល់