ថៃៈ ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡា រាប់រយនាក់ បានចាប់ផ្តើមប្រមូលផ្តុំគ្នា នៅខាងក្រៅតុលាការជាន់ខ្ពស់ទីក្រុងបាងកក នៅព្រឹកថ្ងៃសុក្រនេះ មុនពេលតុលាការចេញសាលក្រម ជុំវិញការធ្វេសប្រហែសរបស់អតីតរដ្ឋបាលមុន ទៅលើរឿងទិញស្រូវស្ដុកទុក បណ្ដាលឲ្យខាតបង់ថវិការជាតិ ដោយលោកស្រី យីងឡា អាចត្រូវប្រឈមមុខនឹងការជាប់គុករហូតដល់ ១០ ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
សាលក្រមដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយនេះ អាចធ្វើឲ្យមានភាពតានតឹង និងផលប៉ះពាល់យ៉ាងខ្លាំង ជុំវិញការបែកបាក់គ្នាខាងនយោបាយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ប៉ូលិសក្រុងបាងកក បាននិយាយថា ភ្នាក់ងារខ្លួនប្រមាណជា ៤ពាន់នាក់ ត្រូវបានដាក់ពង្រាយ នៅឯតុលាការ ហើយប៉ុស្តិ៍ត្រួតពិនិត្យ ត្រូវបានបង្កើតឡើងផងដែរ។
សូមជំរាបថា កម្មវិធីឧបត្ថម្ភធនអង្ករ ដែលជាគោលនយោបាយសំខាន់របស់រដ្ឋបាលលោកស្រី យីងឡាក់ បានទិញផលដំណាំរបស់កសិករ ក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សាររហូតដល់ ៥០ ភាគរយ ដោយគោលនយោបាយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់កសិករ ប៉ុន្តែបានធ្វើឲ្យប្រទេសថៃ ត្រូវស្តុកទុកអង្ករដ៏ច្រើន ដែលបណ្តាលឲ្យខាតបង់ជាទឹកប្រាក់អស់ ៨ពាន់លានដុល្លារ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី យីងឡាក់ បានអះអាងថា ខ្លួនមិនមានកំហុសដូចការចោទប្រកាន់ ប្រឆាំងនឹងលោកស្រីនោះទេ ដោយបាននិយាយថា លោកស្រីមានភារកិច្ចទទួលខុសត្រូវលើគោលនយោបាយ ប៉ុន្តែមិនមែនគ្រប់គ្រងការងារលើគម្រោងប្រចាំថ្ងៃនោះទេ៕
មតិយោបល់