ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់វាយប្រហារនៅឥណ្ឌា មនុស្សស្លាប់កើនឡើងដល់ ៥១៤ នាក់ហើយ

ឥណ្ឌាៈ ក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃអង្គារនេះ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ ដែលកំពុងកើតមាននៅរដ្ឋប៊ីហារ ភាគខាងកើតប្រទេសឥណ្ឌា បានកើនឡើងដល់ ៥១៤ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។

តាមប្រភពពីមន្ត្រី បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ នៅស្រុក Samastipur, Muzaffarpur និង Darbhanga ក្នុងរដ្ឋប៊ីហារ នៅតែបន្តអាក្រក់ខ្លាំងទ្បើង បន្ទាប់ពីទន្លេ Burhi Gandak និង Bagmati ត្រូវទឹកជំនន់ហូរចូល និងជន់លិចបង្កជាសញ្ញាគ្រោះថ្នាក់។

ដោយទឹកដែលហូរចេញពីទន្លេ បានជន់លិចតំបន់ដីគោក រហូតមកដល់ពេលនេះ ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់មនុស្ស ១៧,១ លាននាក់ នៅក្នុងសង្កាត់ចំនួន ២១ នៃរដ្ឋ។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលក្នុងតំបន់ បានប្រកាសប្រាក់សំណងចំនួន ៦,២៤៨ ដុល្លារអាមេរិក សម្រាប់គ្រួសារនីមួយៗ ដែលបានបាត់បង់សមាជិករបស់ខ្លួន នៅក្នុងហេតុការណ៍គ្រោះទឹកជំនន់ដ៏សាហាវនេះ៕

មតិយោបល់