ព័ត៌មានអន្តរជាតិ

អំពើហិង្សានៅមីយ៉ាន់ម៉ា ជនជាតិរ៉ូហ៊ីងយ៉ា អាចនឹងរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស រហូតដល់ ៣០ ម៉ឺននាក់

UN: មន្ត្រីរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា អំពើហិង្សានៅភាគពាយព្យ ប្រទេសមីយ៉ាន់ម៉ា អាចនឹងបណ្ដាលឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ា រត់ភៀសខ្លួនចូលទៅកាន់ប្រទេសបង់ក្លាដេស រហូតដល់ ៣០ ម៉ឺននាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

តាមការប៉ាន់ប្រមាណដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ នៅតំបន់ព្រំដែន Cox’s Bazar បានឲ្យដឹងថា ចាប់តាំងពីការបង្ហូរឈាមចុងក្រោយបង្អស់ រវាងពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា និងរដ្ឋាភិបាលមីយ៉ាន់ម៉ា អស់រយៈពេល ១២ ថ្ងៃកន្លងមកនេះ គឺមានពលរដ្ឋរ៉ូហ៊ីងយ៉ា ១៤៦ ពាន់នាក់ហើយ បានរត់ភៀសខ្លួនចូលមកកាន់ប្រទេសបង់ក្លាដេស។

តួលេខនេះដែរ នៅពុំទាន់អាចកំណត់ឲ្យបានច្បាស់ការនៅទ្បើយទេ ខណៈដែលភាពចលាចល បានបង្កឲ្យជនជាតិរ៉ូហ៊ីងយ៉ា នៅតែបន្តការរត់ភៀសខ្លួន ដោយសារប្រតិបត្តិការយោធា នៃប្រទេមីយ៉ាន់ម៉ា។

មន្ត្រីជាន់ខ្ពស់ UN លោក Dipayan Bhattacharyya ជាអ្នកនាំពាក្យសម្រាប់កម្មវិធីស្បៀងអាហារពិភពលោក បានប៉ាន់ប្រមាណថា ជនភៀសខ្លួនទាំងនោះ អាចនឹងកើនទ្បើងពីចំនួន ១២០ ពាន់នាក់ទៅ ៣០ ម៉ឺននាក់ នាពេលឆាប់ៗខាងមុខ៕

មតិយោបល់