ព័ត៌មានអន្តរជាតិ

ការគំរាមកំហែងពីកូរ៉េខាងជើង តម្រូវឲ្យមានចំណាត់ការឆ្លើយតបរបស់ពិភពលោក

អង់គ្លេសៈ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអាទិត្យថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង កំពុងបង្កការគំរាមកំហែងដល់ពិភពលោកទាំងមូល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងបទសម្ភាសន៍ជាមួយ BBC លោក Stoltenberg បានប្រាប់ឲ្យដឹងថា អាកប្បកិរិយាមិនប្រុងប្រយ័ត្ន របស់ក្រុងព្យុងយ៉ាង បានធ្វើឲ្យមានការគំរាមកំហែងជាសកល និងតម្រូវឲ្យមានចំណាត់ការតបត ទៅវិញរបស់ពិភពលោក ហើយពិតណាស់ថា អង្គការណាតូ ក៏ត្រូវរួមចំណែកទប់ស្កាត់វាផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកក៏បានធ្វើការអំពាវនាវឲ្យកូរ៉េ បោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន រួមជាមួយការទប់ស្កាត់ការធ្វើតេស្តជាបន្តបន្ទាប់ពីសំណាក់ក្រុងព្យុយ៉ាងផងដែរ ដោយលោកលើកទ្បើងថា វាជាការរំលោភលើដំណោះស្រាយសន្តិសុខជាច្រើន របស់អង្គការសហប្រជាជាតិ ព្រមទាំងបានគំរាមកំហែង ដល់សន្តិភាព និងស្ថេរភាពអន្តរជាតិទៀតផង»។

សូមជំរាបថា បើទោះបីមានការលើកជាសំណួរទៅកាន់លោក Stoltenberg ដើម្បីឲ្យបញ្ជាក់ពីតួនាទី របស់អង្គការណាតូ ក្នុងការចូលរួមដោះស្រាយបញ្ហានេះក៏ដោយ ប៉ុន្តែលោកគ្រាន់តែបាននិយាយថា នៅពេលនេះ អង្គការណាតូ ចង់ផ្តោតទាំងស្រុងលើរបៀប ដែលយើងអាចរួមចំណែកដោះស្រាយជម្លោះនេះ ដោយសន្តិវិធីប៉ុណ្ណោះ»៕

មតិយោបល់