ព័ត៌មានជាតិ

មានវីដេអូ៖ ស្រវឹងស្រាជោគជាំ បើករថយន្តរេពេញផ្លូវ រហូតជ្រុលទៅបុកជាមួយរថយន្ត១គ្រឿងទៀត តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ!

បន្ទាយមានជ័យៈ មានហេតុការណ៍ដ៏ហួសចិត្តមួយបានកើតឡើង ខណៈដែលបុរសម្នាក់បើករថយន្តកាមរីឆ្លាម១គ្រឿង ក្នុងស្ថានភាពស្រវឹងជោគជាំលែងដឹងខ្លួនរហូតបង្កបានជាគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៧និង៤៥នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំនុចខាងលិចផ្សារអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

បើតាមសម្តីអ្នកឃើញហេតុការណ៍បាននិយាយថា គេបានឃើញរថយន្តកាមរីឆ្លាម១គ្រឿងបើកយឺតៗរេពេញផ្លូវ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តឆ្លាមមួយគ្រឿងនេះបានរេទៅតាមបុកនឹងរថយន្តViGoមួយគ្រឿងទៀតដែលបើកបរច្រាសទិសគ្នា បណ្តាលឲ្យខូចខាតស្រាល។ ក្រោយបង្កអ្នកបររថយន្តឆ្លាមក៏ត្រូវមន្ត្រីនគរបាលចរាចរណ៍ឃាត់ខ្លួនដើម្បីសួរនាំ។ អ្វីដែលជារឿងហួសចិត្តនោះគឺបុរសដែលបើកបររថយន្តឆ្លាមស្រវឹងដល់កនិយាយលែងត្រូវសូម្បីតែឈ្មោះខ្លួនឯងក៏លែងដឹងដែរ ហើយក៏មិនដឹងថាខ្លួនកំពុងបើកបររថយន្តទៅទីណាដែរ។

ដោយស្ថានភាពបែបនេះសមត្ថកិច្ចបានសម្រេចចិត្តឃាត់ខ្លួនទុកដើម្បីសួរនាំ ហើយនឹងរឹបអូសរថយន្តមករក្សាទុករងចាំធ្វើការដោះស្រាយពេលក្រោយ៕

https://youtu.be/COeWsKSDGzI

មតិយោបល់